KW Cambodia នឹងនាំយកបច្ចេកវិទ្យាវិស័យអចលនទ្រព្យដ៏ទាន់សម័យជាងគេ ធំជាងគេ ដែលប្រើទុនដល់រាប់ពាន់លានដុល្លារ មកចែករំលែកបណ្តុះបណ្តាលដល់ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ដើម្បីជាចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា។ នេះបើតាមការថ្លែងឱ្យដឹងពីលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធាន KW សាខាសែនសុខ។

ឧកញ៉ា សំ សុខនឿន បានថ្លែងប្រាប់ដល់ឧកញ៉ា ញូស៍ ខណៈដែលលោកកំពុងមានវត្តមាននៅសហរដ្ឋមេរិក ក្នុងការចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ នៅ Anaheim Convention Center នារដ្ឋ California ចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈ នេះ យ៉ាងដូច្នេះថា KW ជាក្រុមហ៊ុនអចលនទ្រព្យលំដាប់លេខ១ របស់អាមេរិក មានការទទួលស្គាល់ជាអន្តរជាតិ និងជាក្រុមហ៊ុនដែលមានចំណូលច្រើនជាងគេនៅសហរដ្ឋអាមេរិក។

លោកឧកញ៉ា បានបន្តថា លើសពីនេះ KW ជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាវិស័យអចលនទ្រព្យដ៏ទាន់សម័យជាងគេ ធំជាងគេ ដែលប្រើលុយដល់ពាន់លានដុល្លារ ដើម្បីបង្កើតនូវប្រព័ន្ធគ្រប់គ្រងលើវិស័យអចលនទ្រព្យ។ ការពង្រីកសក្តានុពលរបស់ក្រុមហ៊ុន KW នេះ គឺលក្ខណៈសកលលោកដែលបច្ចុប្បន្ននេះបានបើកដល់ ៥២ប្រទេសទៅហើយ ក្នុង ៥ទ្វីប ដូច្នេះក្នុងនាមយើងជា KW Cambodia ពិតជាមានមោទនភាពណាស់ ក៏ដូចជាក្នុងនាមលោកជាប្រធាន KW SN ខណ្ឌសែនសុខ ហើយបានចូលរួមក្នុងសន្និបាត Convention នៅរដ្ឋ California សហរដ្ឋអាមេរិក ដែលនឹងមានការពិភាក្សា និងចែករំលែកទាក់ទងនឹងវិស័យអចលនទ្រព្យ ដើម្បីទទួលបានបទពិសោធន៍ផ្សេងៗពីប្រទេសនីមួយៗ។

លោកឧកញ៉ាសង្កេតឃើញថា ការចូលរួមក្នុងសន្និបាតនេះ គឺជាការចូលរួមមួយដ៏ធំ ដែលមានអ្នកចូលរួមប្រហែល ១ម៉ឺន៤ពាន់នាក់។ ការចូលរួមនេះ មានចម្រុះជាតិសាសន៍តែម្តង ហើយអ្វីដែលដឹងនោះ ៥២ប្រទេសក៏បានដឹងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានការរីកចម្រើនលើវិស័យអចលនទ្រព្យដែរ។ KW ជាក្រុមហ៊ុនលំដាប់ មិនត្រឹមតែលេខ១ នៅសហរដ្ឋអាមេរិកទេ ថែមទាំងនៅលើសកលលោក ដូច្នេះអ្នកដែលមានចំណេះជំនាញវិស័យអចលនទ្រព្យ គឺបានស្គាល់ប្រទេសកម្ពុជា ថាជាប្រទេសមួយកំពុងមានការរីកចម្រើនវិស័យអចលនទ្រព្យផងដែរ បានជា KW ទៅរកស៊ីនៅប្រទេសកម្ពុជា។
ជាសមិទ្ធផល ទីមួយ ៥២ប្រទេសបានទទួលស្គាល់ថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនវិស័យអចលនទ្រព្យបែបស្តង់ដាអន្តរជាតិ ទីពីរ KW ទៅរកស៊ីនៅកម្ពុជា គឺមានន័យថា សហរដ្ឋអាមេរិកមានការទទួលស្គាល់ហើយថា កម្ពុជាជាប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ និងប្រព័ន្ធគ្រប់គ្រងដ៏ត្រឹមត្រូវ។

លោកឧកញ៉ា បានបញ្ជាក់ឱ្យដឹងថា KW Cambodia នឹងយកចំណេះដឹង ដែលទទួលបានពី ៥២ប្រទេស ពីការចែករំលែកបទពិសោធន៍ល្អៗនេះ ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ យកទៅចែករំលែកបន្តដល់ភ្នាក់ងារអចលនទ្រព្យរបស់កម្ពុជា ដែលជាចលករមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាចែករំលែកដល់អ្នកវិនិយោគគ្រប់ផ្នែកទាំងអស់ ក្នុងប្រទេសកម្ពុជា និងអ្នកកំពុងប្រឡូកក្នុងវិស័យអចលនទ្រព្យ ដើម្បីឱ្យពួកគាត់បានដឹង ពីការរីកចម្រើនរបស់ប្រទេសដទៃ និងដើម្បីជាចំណេះដឹងបន្ថែម ក្នុងការពង្រឹងសមត្ថភាពទាំងអស់គ្នា។

ឧកញ៉ា សំ សុខនឿន បានឱ្យដឹងបន្ថែមថា អ្វីដែលទទួលបានក្នុងសន្និបាតនេះ គឺទូទាំងសកលលោកបានទទួលស្គាល់ហើយថា អ្វីដែលដើរទៅលឿននោះគឺបច្ចេកវិទ្យា ដូច្នេះ KW Cambodia ក៏មានប្រព័ន្ធគ្រប់គ្រងដូចទៅនឹងប្រទេសដទៃដែលមានដែរ មានន័យថា គ្រប់ប្រទេសដែលមាន KW នេះ គឺមានបច្ចេកវិទ្យាទំនើបដូចទៅនឹងបច្ចេកវិទ្យា KW Cambodia ដែលយើងកំពុងតែប្រើ។ ក្រុមហ៊ុន KW Cambodia នឹងមានបច្ចេកវិទ្យាទំនើប ប្រព័ន្ធគ្រប់គ្រងវិស័យអចលនទ្រព្យទំនើបចុងក្រោយបំផុត។ នេះជាមោទនភាពរបស់ KW Cambodia ដែលបានរៀនសូត្រ ទាំងវិស័យអចលនទ្រព្យគ្រប់បណ្តាប្រទេស ទាំងបច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងលក្ខណៈអន្តរជាតិ ដែលក្រុមហ៊ុន KW បានចំណាយទុនដល់រាប់ពាន់លានដុល្លារ ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងនេះឡើង៕