អ្នកឧកញ៉ា លាង ម៉េង បញ្ជ្រាបកោសិកាផ្ទាល់ខ្លួន ទៅឱ្យបុគ្គលិកធនាគារ ជីប ម៉ុង ឱ្យមានផ្នត់គំនិត៣

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បាន​បញ្ជ្រាប​កោសិកា (DNA) ​ផ្ទាល់ខ្លួន ទៅឱ្យបុគ្គលិកធនាគារ ជីប ម៉ុង ឱ្យមានផ្នត់គំនិត ៣​យ៉ាង ​ទើប​ធនាគារ​របស់​​លោក មាន​ការ​រីក​ចម្រើន​ខ្លាំង​មក​ទល់​ថ្ងៃ​នេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​សុន្ទរកថា អ្នកឧកញ៉ា លាង ម៉េង ​បាន​លើក​ឡើង​ថា ធនាគារ ជីប ម៉ុង ផ្តោតសំខាន់លើការបណ្តុះ​បណ្តាល​ច្បាស់លាស់ ដើម្បីប្រែក្លាយធនធានមនុស្សប្រកបដោយវិជ្ជាជីវៈខ្ពស់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការ​បំពេញ​ភារកិច្ច ក៏ដូចជាប្រាស្រ័យទាក់ទងជាមួយអតិថិជន ដើម្បីធានាថាការផ្តល់សេវាកម្មជូន​អតិថិជនមាន​លក្ខណៈល្អឥតខ្ចោះ ផ្ដល់ភាពងាយស្រួល ជាពិសេសផ្ដល់ទំនុកចិត្តជូនដល់អតិថិជនទាំងអស់។

អ្នក​​ឧកញ៉ា បាន​បញ្ជាក់​ថា ពេលដែល​លោក​​មក​កាន់​ធនាគារ​នេះ រយៈពេល​១​ឆ្នាំ ពីមុន​លោក​​ជា​ម្ចាស់​ក្រុមហ៊ុន​ និង​ជា​អគ្គនាយក​ទៀត ហើយ​​លោក​​គិត​ថា គួរ​ធ្វើ​ម៉េច​ដើម្បី​ឱ្យ​មនុស្ស​ក្នុង​ធនាគារ មាន​កោសិកា (DNA) មួយ​ ជា​ផ្នែក​លក់​ដ៏​អស្ចារ្យ។ បន្ទាប់​មក អ្នក​ឧកញ៉ា​​បាន​ព្យាយាម​បញ្ជ្រាប​កោសិកា​របស់​​ខ្លួន​​​ចូល​ទៅ​​បុគ្គលិក​ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ផ្នត់​គំនិត​៣ នៅ​ក្នុង​ធនាគារ​ ជីប ម៉ុង។

ផ្នត់​គំនិត​ទី​១ គឺ​ខួរ​ក្បាល​បុគ្គលិក​ដើរ​រក​អតិថិជន​វិញ ធ្វើ​ម៉េច​ដើម្បី​ផ្លាស់ប្តូរ​គំនិត​ដែល​ធ្លាប់​តែ​គេ​មក​រក​យើង យើង​ដើរ​ទៅ​រក​គេ​វិញ, ទី​២ យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ងាយ​ស្រួល​ដល់​អតិថិជន​បំផុត គឺ​ឱ្យ​តែ​អ្នក​មក​ប៉ះ​ដៃ​ធនាគារ ជីប​ ម៉ុង គឺ​ដឹង​​ថា សាមញ្ញ ស្រួល និង​មិនមាន​អ្វី​ជា​ឧបសគ្គ​​ដល់​ពួកគាត់ និង​ទី​៣គឺ ទំនុក​ចិត្ត​ ធ្វើ​ម៉េច​ឱ្យអ្នក​នៅ​ក្នុង​ធនាគារ ធ្វើ​បានចាំ​និយាយ បើ​ធ្វើ​មិន​បាន​កុំ​និយាយ ដូច្នេះ​ពេល​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ទាំង​អស់ មាន​ទំនុក​ចិត្ត លើ​ធនាគារ ជីប ម៉ុង ខ្លាំង ដូច្នេះ​ទើប​យើង​ធ្វើ​ឱ្យ​​មាន​ការ​រីក​ចម្រើន​របស់​ធនាគារ ជីប ម៉ុង មក​ដល់​ថ្ងៃ​នេះ មិនមែន​ជា​ការ​ចៃដន្យនោះ​ទេ។ អ្នក​ឧកញ៉ា លាង ម៉េង បាន​​​សង្កត់​ធ្ងន់​បន្ថែម។

គួរ​បញ្ជាក់​ថា ធនាគារ ជីប ម៉ុង បានសម្ពោធបើកបម្រើអតិថិជនជាផ្លូវការ កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ និង​មក​ដល់​បច្ចុប្បន្ន​មាន​សាខា​១៤​ហើយ។ បេសកកម្មរបស់ ធនាគារ ជីប ម៉ុង គឺផ្តល់ដំណោះស្រាយខាងសេវា​ធនាគារ​ល្អបំផុត​លំដាប់ពិភពលោក ចំណាយ​តិច និង​ប្រសិទ្ធិភាពខ្ពស់។ ធនាគារ ជីប ម៉ុង បានប្រើបច្ចេកវិទ្យា​ដែលអាច​វាស់វែងបាន តាមប្រព័ន្ធឌីជីថល ដោយ​អនុញ្ញាតឱ្យ​អតិថិជនអាចភ្ជាប់តម្រូវការក្នុងជីវិតរស់នៅ​ប្រចាំថ្ងៃ​របស់ពួកគេ មកកាន់ធនាគារ ដែលដើរ​តួនាទី​ស្នូល ក្នុងការបំពេញតាមតម្រូវការប្រចាំថ្ងៃ។ គោលដៅសំខាន់បំផុត​របស់ ធនាគារ ជីប ម៉ុង ​គឺសហគ្រាស​ខ្នាតតូច និងមធ្យម (SMEs) អាជីវកម្មលក់រាយ និងសម្រាប់ពលរដ្ឋ​កម្ពុជា៕​