អតីតតារាសម្តែង និងជាពិធីការិនីល្បីឈ្មោះកាលពីជាង១០ឆ្នាំមុន លោកជំទាវឧកញ៉ា ម៉ៅ ចំណាន បច្ចុប្បន្នជានាយិការប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចម្រើនវ័យឈានចូល ៤០ឆ្នាំហើយ នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានផ្ញើសារអបអរសាទរ និងគូសបញ្ជាក់បង្ហាញពីឥរិយាបថភាពជាដឹកនាំធុរកិច្ចដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឆ្ពោះទៅកាន់វឌ្ឍនភាពជាច្រើនទៀត របស់លោកជំទាវឧកញ៉ា ម៉ៅ ចំណាន។
នាព្រឹកថ្ងៃអង្គារនេះ លើទំព័រហ្វេសប៊ុកផ្លូវការក្រុមហ៊ុន Royal Group of Campanies សរសេរសារយ៉ាងដូច្នេះថា លោកជំទាវ ដែលតែងតែប្រកបដោយឆន្ទៈចំពោះស្ត្រី និងភាពចម្រុះយេនឌ័រនៅកន្លែងធ្វើការ ហើយបានចូលរួមការងារជាច្រើនដើម្បីកសាងវប្បធម៌សាជីវកម្មដើម្បីលើកកម្ពស់ សមភាព និងការគោរពជាច្រើន។
លោកជំទាវ ម៉ៅ ចំណាន កើតនៅខេត្តស្វាយរៀង មានឪពុកឈ្មោះ ម៉ៅ នី ជាមន្ត្រីកងយោធពលខេមរភូមិន្ទ និងម្តាយឈ្មោះ គង់ សោម៉ា ជាស្រ្តីមេផ្ទះ។
នៅអំឡុងឆ្នាំ១៩៩៨ អ្នកនាងបានចូលធ្វើការតាមភោជនីយដ្ឋាន គឺជាអ្នកចម្រៀង។ ក្រោយមកដោយមានទេពកោសល្យរួមជាមួយក្តីស្រឡាញ់សិល្បៈ ព្រមទាំងមានសម្រស់ស្រស់ស្អាត ហើយគួបជួនពេលវេលានឹងឱកាសហុចឲ្យផងនោះ អ្នកនាងក៏បោះជំហានចូលប្រឡូកក្នុងការសម្តែងខារ៉ាអូខេនៅផលិតកម្មធំៗជាច្រើន រួមមាន៖ ផលិតកម្មរស្មីហង្សមាស ផលិតកម្មយូធូ និងផលិតកម្មស្ទឹងសង្កែ។
ក្រោយចូលសម្តែងបានមួយរយៈ អ្នកនាងស្រីតូច ចំណាន ទទួលបាននូវការគាំទ្រជាមួយនឹងភាពល្បីល្បាញត្រឹមរយៈពេលខ្លី រហូតប្រែក្លាយជាពិធីការិនីដែលមានសំឡេងផ្អែមស្រទន់ ប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ដ៏ល្បីមួយក្នុងជំនាន់នោះ។
ការកាន់យកអាជីពសិល្បៈរបស់អ្នកនាងហាក់មានភាពរីកចម្រើន និងធ្វើឲ្យទស្សនិកជនស្គាល់នាងកាន់ តែច្រើនឡើងៗ។ នៅក្នុងអំឡុងឆ្នាំ២០០៣ អ្នកនាងបានផ្តាច់ខ្លួនចេញពីវិថីសិល្បៈ រហូតមកដល់ពេលបច្ចុប្បន្ន។
បាត់មុខមួយរយៈធំពីវិថីសិល្បៈ ក្រោយមក លេចឮព័ត៌មានថា នាងបានសាងស្នេហ៍យ៉ាងផ្អែមត្រជាក់ ជាមួយមហាសេដ្ឋីប្រាក់លានម្នាក់ គឺអ្នកឧកញ៉ា គិត ម៉េង ហើយអ្នកទាំងពីរបានរួមរស់សាងគ្រួសាររហូតមានកូនជាមួយគ្នាទៀតផង។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ អ្នកនាងបានដឹកដៃស្វាមី សម្បូរទ្រព្យអ្នកឧកញ៉ា គិត ម៉េង ចូលរោងការសំពះផ្ទឹម តាមប្រពៃណីខ្មែរ បច្ចុប្បន្នមានបុត្រាបុត្រីចំនួន ៤នាក់។
ក្រោយរៀបការជាផ្លូវការ អ្នកឧកញ៉ា គិត ម៉េង ត្រូវប្រភពមួយចំនួនទម្លាយថា អ្នកឧកញ៉ាបានប្រគល់តួនាទីធំៗក្នុងសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដូចជា នាយិការប្រតិបត្តិការ ធនាគារ វីង នាយិការប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហើយក៏មានក្នុងវិស័យសណ្ឋាគារ និងកាស៊ីណូផងដែរ៕