អ្នក​ឧកញ៉ាគួច ​ម៉េងលី ​គាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នក​ឧកញ៉ាគួច ​ម៉េងលី អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិន ​(MJQE) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ចំពោះគម្រោងរៀបចំឱ្យមានការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់ ដើម្បីបំពេញតម្រូវការការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចខាងក្នុងប្រព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ឧកញ៉ាគួច ​ម៉េងលី បានចាត់ទុកថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល លើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់ ដែលជាយុវជនក្រីក្រ និងខ្វះធនធាន គឺជារឿងសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ជាមួយគ្នានេះ លោកក៏គាំទ្រ ព្រោះប្រជាជនខ្មែរត្រូវការចំណេះជំនាញច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកម្ពុជាកំពុងខ្វះខាតនាពេលបច្ចុប្បន្ន។

អ្នកជំនាញផ្នែកអប់រំរូបនេះ បានលើកឡើងថា៖« បើសិនជាយើងអាចបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ក្នុង១ឆ្នាំយ៉ាងហោច ១លាន៥សែននាក់មែន នឹងធ្វើឱ្យប្រទេសយើងមានធនធានមនុស្សច្រើន ដែលអាចផ្គត់ផ្គង់ជំនាញដែលកម្ពុជាកំពុងត្រូវការ ហើយនឹងធ្វើឱ្យពលរដ្ឋខែ្មរយើងត្រឡប់មកធ្វើការក្នុងប្រទេសវិញ ពិសេសលើជំនាញសេវាកម្ម កសិកម្ម និងឧស្សហកម្មដែលវិស័យស្នូលរបស់ប្រទេស»។

យ៉ាងណាមិញ អ្នក​ឧកញ៉ាគួច ​ម៉េងលី អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិនរូបនេះ ក៏បានប្រកាសផ្តល់អាហាររូបករណ៍ដល់យុវជនក្រីក្រ ឬនិស្សិតខ្វះខាត ដែលមានបំណងចង់សិក្សា ឬរៀនចំណេះជំនាញបន្ត អាចមកដាក់ពាក្យនៅមូលនិធិ ម៉េងលី ជេ. គួច របស់លោកបាន៕ អត្ថបទ៖ ពិសី