អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលការចូលជួបពិភាក្សាការងារ និងចូលរួមចុះអនុស្សារណៈជាមួយក្រុមប្រឹក្សាចិន ដឹកនាំដោយលោក ឈិន ហុងឡាំង ក្នុងការជំរុញធុរកិច្ច និងវិយោគរវាងខេត្តហៃណាន និងកម្ពុជា។ ក្នុងជំនួបនោះ ធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។នេះបើយោងតាមសភាពាណិជ្ជកម្មកម្ពុជា។

នៅក្នុងជំនួបធុរកិច្ចនោះ បានផ្តោតសំខាន់ទៅលើ ការជំរុញធុរកិច្ចនិងវិនិយោគរវាងខេត្តហៃណាប្រទេសចិន និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិរវាងប្រទេសទាំងពីរ។ហើយការចុះអនុស្សារណៈនេះ ក្នុងគោលបំណងពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនវិសាលភាពការផ្លាស់ប្តូរពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន ប្រទេសចិន។
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរលើគ្រប់វិស័យ និងបានអញ្ជើញវិនិយោគិនខេត្តហៃណា សិក្សា ស្វែងយល់ និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជាចិន កើនឡើងជាលំដាប់ គឺលើសពីទំហំគោលដៅកំណត់ដោយរដ្ឋាភិបាលនៃប្រទេសពីរទៅទៀត។ ចំណែកឯ ការវិនិយោគ ដោយផ្ទាល់វិញ ចិនបានវិនិយោគទៅលើវិស័យសំខាន់ៗ រួមមានដូចជា វិស័យកាត់ដេរសម្លៀកបំពាក់ សំណង់ រ៉ ថាមពល កសិកម្ម និងទេសចរណ៍ជាដើម។

គួរជម្រាបផងដែរថា កាលពីថ្ងៃទី២១ ខែកុម្ភៈ លោក Shen Danyang អភិបាលរងខេត្តហៃណាន ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងពីគោលបំណងសំខាន់ៗរបស់ខេត្តហៃណាន ចំនួន២៖ ទី១ ផ្សព្វផ្សាយ ពីសក្តានុពលនៃការបង្កើតតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ និងទី២ បន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន (ខេត្តហៃណាន)។ ទន្ទឹមនឹងនោះ លោក ក៏បានយល់ស្របទៅលើគម្រោងក្នុងការបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា (ក្រសួងពាណិជ្ជកម្ម) និងចិន (ខេត្តហៃណាន) ជាជំហានដំបូង លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ចំពោះជំហានបន្ទាប់ នឹងបង្កើតឱ្យមានអនុស្សរណៈនៃការយោគយល់គ្នារវាងតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ និងតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន លើកិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

