អ្នកឧកញ៉ាបណ្ឌិត ហ៊ី គឹមហុង ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ពិភពដីមាស គ្រុប ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យ ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឃុំ តែងតែង និងផ្តល់ឋានៈ ជា «ទីប្រឹក្សា» សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ «រដ្ឋលេខាធិការ»។
ជាមួយគ្នានេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២៣/២៨២ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំពីររូបទៀត របស់ក្រុមហ៊ុន ពិភពដីមាស គ្រុប ក៏ទទួលបានការតែងតាំងជា «ទីប្រឹក្សា» សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ក្នុងនោះ ឧកញ៉ា ថូ វុទ្ធី អនុប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន ពិភពដីមាស គ្រុប ក៏ទទួលបានការតែងតាំងជា មានឋានៈស្មើ «រដ្ឋលេខាធិការ» ខណៈដែលលោកបណ្ឌិត ហៀង សុវណ្ណារិទ្ធិ អនុប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុករដ្ឋបាល នៃក្រុមហ៊ុន ពិភពដីមាស គ្រុប ទទួលបានការតែងតាំងមានឋានៈស្មើ «អនុរដ្ឋលេខាធិការ»។
សូមជម្រាបថា អ្នកឧកញ៉ា ហ៊ី គឹមហុង ជាអ្នកជំនួញអចលនទ្រព្យ ដ៏ជោគជ័យម្នាក់ ប៉ុន្តែពុំសូវបង្ហាញមុខនោះទេ ហើយលោកធ្លាប់ទទួលបានគោរមងារឧកញ៉ា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។ ចំណែកឯលោកបណ្ឌិត ថូ វុទ្ធី ទទួលបានគោរមងារឧកញ៉ា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ និងទើបទទួលសញ្ញាបត្របណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (Doctor’s Degree in Business Administration) ពីសាកលវិទ្យាល័យ BODHISASTRA រដ្ឋ FLORIDA សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៕