លោកឧកញ៉ា ព្រាប សុវត្ថិ អគ្គនាយកក្រុមហ៊ុន ព្រាប សុវត្ថិ អ៊ីនវេសមេន បានឧបត្ថម្ភប្រាក់ដល់លោកគ្រូបង្ហាត់ប្រដាល់ អេ ភូថង ចំនួន ១០០០ដុល្លារ និងកីឡាករឆ្នើម ធឿន ធារ៉ា ចំនួន ២០០០ដុល្លារ។
លោកឧកញ៉ា កំពូលតារាចម្រៀងផលិតកម្ម Galaxy Navatra រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយភ្ជាប់ជាមួយនឹងសារថា៖ “ការព្យាយាមអំណត់តស៊ូ ស្មោះត្រង់ ត្រូវតែទទួលបានជោគជ័យពោពេញដោយស្នាមញញឹម”។
គួរបញ្ជាក់ថា កីឡាករ ធឿន ធារ៉ា កូនសិស្សរបស់លោកគ្រូ អេ ភូថង ជាកីឡាករ គុនខ្មែរ ដំបូងគេ ដែលគ្រងខ្សែក្រវាត់ ៣គ្រឿងផ្សេងគ្នា ក្នុងរយៈពេលត្រឹមតែ ៥៧ថ្ងៃ បន្ទាប់ពីផ្តួលកីឡាករឆ្នើមថៃ សៃយុគ គ្រងខ្សែក្រវាត់ថៃហ្វៃ, ផ្តួលកីឡាករប្រេស៊ីល Thiago គ្រងខ្សែក្រវាត់ IPCC Kun Khmer ពិភពលោក និងអាចគ្រងខ្សែក្រវាត់ Krud គុនខ្មែរ ប្រភេទទម្ងន់ ៧១គីឡូក្រាមថែមទៀត។
សូមជម្រាបថា តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ មានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដែលរួមមានដូចជា៖ ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra, ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ, ហាងកាត់សក់ ព្រាប សុវត្ថិ, ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក), គម្រោងដីឡូត៍ ព្រាប សុវត្ថិ, បុរី ព្រាប សុវត្ថិ, អ្នកតំណាងផលិតផលទូរស័ព្ទដៃ Vivo, ទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត Isuzu, ទូតសុឆន្ទៈធនាគារ DGB និងជាទូតសុឆន្ទៈរបស់គម្រោងខុនដូ និងលំនៅឋានប្រណិត Morgan Enmaison រួមទាំងការងារជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ លោក ទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២៕