នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី ជាប្រធានយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយនឹងសហគ្រិនវ័យក្មេងប្រមាណ ៧០០នាក់ នៅសាលសន្និបាត និងពិពណ៌ PH Greand Hall Euro ស្ថិតក្នុងបុរី ប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ។
ក្នុងពិធីសំណេះសំណាលកាលពីព្រឹកមិញនោះ ក្រៅពីក្រុមសហគ្រិនវ័យក្មេងរបស់កម្ពុជា ក៏មានវត្តមានមហាសេដ្ឋីគ្រប់គ្រងអាណាចក្រជំនួញប្រាក់ពាន់លានចំនួន២រូប អញ្ជើញជាកិត្តិយសលើវេទិកាអមដំណើរឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គឺអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ជីបម៉ុង គ្រុប និងឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប។
ជាមួយគ្នានោះដែរ ក៏មានឧកញ៉ា និងម្ចាស់ក្រុមហ៊ុនល្បីៗចូលរួមដូចជា ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្, ឧកញ៉ា ចេង ខេងក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល, ឧកញ៉ា ឌី ជោត, ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន អចលនទ្រព្យ, ឧកញ៉ា ឈាង រ័ត្ន ម្ចាស់បុរី បុស្បា, ឧកញ៉ា អ៊ុច សម្បត្តិ អគ្គនាយកក្រុមហ៊ុន គ្រួសារកក់ក្តៅ, ឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន ស្ករសរ ភ្នំពេញ បុត្រសម្ព័ន្ធក្រុមហ៊ុន LYP Group, លោក អោម សេងបូរ៉ា ម្ចាស់វិទ្យាស្ថាន CEO Master Club, លោក អ៉ឹង ស៉ីវម៉េង អគ្គនាយកក្រុមហ៊ុន ING Holding Group ព្រមទាំងសហគ្រិនវ័យក្មេងជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសពិធីសំណេះសំណាលនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ ដែលបានដឹកនាំ និងរក្សាបាននូវវឌ្ឍនភាពអាជីវកម្ម-ធុរកិច្ចល្អប្រសើរ និងថែមទាំងបានទាក់ទាញរំហូរវិនិយោគពីបរទេសនាពេលកន្លងមក ទោះបីជាត្រូវប្រឈមនឹងផលវិបាកជាច្រើនក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា វិស័យឯកជនគឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការនាំយកសក្តានុពលរបស់កម្ពុជាឱ្យពិភពលោកបានស្គាល់ច្បាស់ និងចាប់អាម្មណ៍ រួមទាំងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង និងការបង្កើតការងារជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្នើឲ្យសហគ្រិនទាំងអស់បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសំខាន់ៗដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបន្តបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «សូមលើកទឹកចិត្តឱ្យសហគ្រិនទាំងអស់ឱ្យបង្កើនសមត្ថភាព, ពង្រឹងភាពប្រកួតប្រជែង និងសូមខិតខំទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីគោលនយោបាយ ក៏ដូចជាវិធានការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ជាពិសេសតាមរយៈការវិនិយោគនៅក្នុងវិស័យអាទិភាព ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការទទួលបានការបណ្តុះបណ្តាលសហគ្រិនភាព, ការអភិវឌ្ឍជំនាញ, និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានា»៕