លោកឧកញ៉ា ជា លាងហុង និងលោកជំទាវ តុប ស្រីនិច (អតីតតារាសម្តែង វ៉ាន់ ម៉ូនិច) បានបើកសម្ពោធ និងដាក់ឱ្យដំណើរការសណ្ឋាគារ មូនិច (MUNICH HOTEL) ដែលមានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ពិធីបើកសម្ផោធ និងដាក់ឱ្យដំណើរការសណ្ឋាគារមូនិច ដែលដាក់យីហោតាមឈ្មោះភរិយារបស់លោកឧកញ៉ា ជា លាងហុង ផ្ទាល់នេះ ក៏មានការអញ្ជើញចូលរួមពីលោកអគ្គនាយក ពៅ បញ្ញា និងលោកស្រី ហុង លីហួរ និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ហើយសណ្ឋាគារនេះចាប់ផ្តើមដំណើរការទទួលភ្ញៀវចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ តទៅ។
មានប្រសាសន៍នៅក្នុងកម្មពិធី លោកឧកញ៉ា ជា លាងហុង បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង កសាងសណ្ឋាគារ មូនិច នេះឡើង ប្រកបដោយភាពច្នៃប្រឌិត និងមានគុណភាព។ លោកបន្តថាជាមោទនភាព និងមានអារម្មណ៍សប្បាយរីករាយ ដែលបានសាងសង់សណ្ឋាគារនេះឡើង ហើយសង្ឃឹមយ៉ាងមុតមាំ នឹងមានភ្ញៀវជាច្រើនជួយគាំទ្រ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។
លោកឧកញ៉ា បន្តថា យើងត្រូវស្គាល់ពីខ្លួនឯងច្បាស់ ហើយអ្វីដែលជាចំណុចខ្លាំងរបស់យើងនោះគឺ ធ្វើយ៉ាងណា ឱ្យភ្ញៀវដែលមកស្នាក់នៅទាំងអស់ ទទួលបានការស្នាក់នៅប្រកបដោយផាសុខភាព មានអនាម័យ និងមានសុវត្ថិភាពខ្ពស់។
សូមជម្រាបជូនថា សណ្ឋាគារ មូនិច (MUNICH HOTEL) ធ្វើឡើងជាពិសេស សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកលេងកំសាន្តនៅខេត្តព្រះសីហនុ ដែលពេលជាមួយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ជាមួយគ្នានេះដែរ សណ្ឋាគារ មូនិច (MUNICH HOTEL) បានសាងសង់ឡើង មានទីតាំងនៅក្នុងទីប្រជុំជន និងមានចំងាយត្រឹមតែ ២,៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើទាល បុគ្គលិកមានភាពរួសរាយ រាក់ទាក់ និងទទួលបានការហ្វឹកហាត់ត្រឹមត្រូវ បន្ទប់ស្អាត ធំទូលាយ និងមានច្រើនជម្រើសសម្រាប់ភ្ញៀវ ចំណតឡាន ធំទូលាយ និងមានសន្តិសុខយាមការលើ ២៤ម៉ោង។
សណ្ឋាគារ (MUNICH HOTEL) មានបន្ទប់សរុបចំនួន ៨០បន្ទប់ និងចែកចេញជាបីប្រភេទផ្សេងៗគ្នា៖
ទី១. បន្ទប់ស្តង់ដារ ៤៨មានគ្រែមួយ និងគ្រែពីរចំនួន ៤៨បន្ទប់
ទី២. បន្ទប់ឌីឡាក់ ១៦បន្ទប់ មានគ្រែមួយ និងគ្រែពីរ
ទី៣. បន្ទប់ VIP មាន ១៦ គ្រែមួយ និងមាន Bathtub មួយនៅក្នុងបន្ទប់ទឹក ក្រៅពីបន្ទប់ ក៏មានភោជនីយដ្ឋាន សាលប្រជុំ កន្លែងម៉ាស្សា អាងហែលទឹក និង Pool Bar ផងដែរ៕