លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកបុរី មេគង្គ លែន និងលោកជំទាវ ហេង ចិន្តា បានផ្តួចផ្តើមកសាងឡើងនូវ «បណ្ណាល័យនៃក្តីស្រឡាញ់» មួយ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីរួមចំណែកជួយបណ្តុះបណ្តាលបញ្ញវន្តខ្មែរ តាមរយៈការអានសៀវភៅ។

បណ្ណាល័យនៃក្តីស្រឡាញ់ បានទទួលនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ និងក្តីស្រលាញ់យ៉ាងជ្រាលជ្រៅពី សំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយរិទ្ធកម្ពុជា និងជាអនុប្រធាន ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ក្នុងការចូលរួមជាគណៈអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវនឹងថ្ងៃទិវានៃក្តីស្រឡាញ់ពិភពលោក។

បណ្ណាល័យនៃក្តីស្រឡាញ់ ត្រូវបានផ្តួចផ្តើមកសាងឡើង និងជាស្ថានិក ដោយលោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃបុរី មេគង្គ លែន និងលោកជំទាវ ហេង ចិន្តា ដែលបានចាប់ផ្តើមសាងសង់ កាលឆ្នាំ២០២០ ក្នុងគោលបំណង ជួយបណ្តុះបណ្តាលសិស្សានុសិស្ស ទាំងសាលាបឋម, អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តល ឱ្យទទួលបាននូវចំណេះដឹងបន្ថែមទៀត តាមរយៈការអានសៀវភៅ ក៏ដូចជាជួយបណ្តុះបណ្តាលបញ្ញវន្តខ្មែរ ដើម្បីជាចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត។
សូមជម្រាបថា បណ្ណាល័យនៃក្តីស្រឡាញ់ មានទីតាំងនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹង ដែលស្ថិតនៅ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តល៕


