លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយកក្រុមហ៊ុន 168 វីនសូ ឯ.ក (168 WINSOU Co., Ltd) និងជាកូនប្រសាររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី រួមទាំងសហស្ថាបនិក បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការ ផ្សារ វីនសូ សាខាឈូកមាស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

ផ្សារ វីនសូ ជាប្រភេទអាជីវកម្មលក់សម្ភារៈបរិក្ខា និងជាផ្សារទំនើបខ្នាតតូចមួយ ដែលលក់ទំនិញជាង ១ម៉ឺនមុខ ជាមួយនឹងគុណភាពល្អ ហើយគ្រប់មុខទំនិញមានតម្លៃត្រឹមតែ ១,១០ដុល្លារប៉ុណ្ណោះ។ មកទល់បច្ចុប្បន្ន ផ្សារ វីនសូ មានចំនួន ៥សាខាហើយ ក្នុងនោះមានដូចជា ផ្សារ វីនសូ សាខាផ្សារដីហុយ, ផ្សារ វីនសូ សាខាចំការដូង (ស្ទឹងមានជ័យ), ផ្សារ វីនសូ សាខាចោមចៅ, ផ្សារ វីនសូ សាខាច្បារអំពៅ និងសាខាឈូកមាស ដែលទើបសម្ពោធថ្មីនេះ ស្ថិតនៅផ្លូវលេខ២០១១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមហ៊ុន 168 វីនសូ ឯ.ក ត្រូវបានបង្កើតឡើង តាំងពីខែកញ្ញា ឆ្នាំ២០១៩ ដោយមានសហស្ថាបនិកចំនួន៣រូប ក្នុងនោះមានលោក ជ្រុយ យីន ជាប្រធានក្រុមហ៊ុន ខណៈដែលបណ្ឌិត តាន់ មុនីវណ្ណ និងលោក Truong HUE HONG ជាអគ្គនាយកក្រុមហ៊ុន។

សូមជម្រាបថា បណ្ឌិត តាន់ មុនីវណ្ណ ជាបុគ្គលម្នាក់ដែលមានតួនាទីជាច្រើននៅក្នុងសង្គម និងនៅតាមក្រុមហ៊ុនជាច្រើនទៀត។ លោកបណ្ឌិត ក៏ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ផងដែរ៕


