លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jes’t Group & 7NG បានប្រកាសនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះថា លោកនឹងបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយឡើង បើសិនជាបងប្អូនចែករំលែក (Share) ផុសនៅលើទំព័រហ្វេសប៊ុករបស់លោកឱ្យបាន ៣៣K (៣៣,០០០)។

ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានកិត្តិយស របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរមួយរូបផងនោះ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកនេះយ៉ាងដូច្នេះថា៖ “ថ្ងៃល្អ ០៣.០៣.២០២៣ ដូច្នេះបើសិនជាបងប្អូនចែករំលក (Share) ផុស (post) មួយនេះបាន 33K ខ្ញុំនឹងបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយឡើង ដើម្បីជាការតបស្នងការគាំទ្ររបស់បងប្អូន”។

លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន តែងតែយកចិត្តទុកដាក់ខ្លាំងលើវិស័យគុនខ្មែរ និងចង់ឃើញគុនខ្មែរមានការរីកចម្រើនខ្លាំងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោកឧកញ៉ា ក៏បានចុះទៅមើលក្លឹបកីឡាគុនខ្មែរ ចលនាយុវជនកម្ពុជា ក.១៥៧ ព្រមទាំងបានឧបត្ថម្ភថវិកាប្រមាណ ១១ម៉ឺនដុល្លារ សម្រាប់ចំណាយរយៈពេល ៥ឆ្នាំបន្តទៀត។
គួររំឭកថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករ ព្រំ សំណាង ចំនួន ៥លានរៀល បន្ទាប់ពីឈ្នះការប្រកួត បន្ថែមពីលើកមុនចំនួន ២៥០០ដុល្លារផងដែរ៕



