កាលពីថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រុមហ៊ុន KOI Thé និងធនាគារ វឌ្ឍនៈ បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងឌីជីថល ដែលនាំមកនូវអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងសេវាកម្មទូទាត់ផ្តោតសំខាន់ចំពោះអតិថិជន ជាមួយនឹងម៉ាកភេសជ្ជៈដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។
ផ្នែកនៃកិច្ចសហប្រតិបត្តិការនៃអនុស្សារណៈយោគយល់គ្នានេះ គឺបានបូកបញ្ចូលនូវ KHQR របស់ធនាគារ វឌ្ឍនៈ ទៅក្នុងប្រព័ន្ធទូទាត់របស់ក្រុមហ៊ុន KOI Thé ហើយ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងដំណើរនៃការច្នៃប្រឌិតថ្មីៗ និងដើម្បីជាទីពេញចិត្តរបស់អតិថិជនទាំងអស់។ ឥឡូវនេះអតិថិជនរបស់ក្រុមហ៊ុន KOI Thé អាចធ្វើការទូទាត់ប្រាក់ សម្រាប់ការបញ្ជារទិញរបស់ខ្លួនដោយគ្រាន់តែស្កេន KHQR របស់ធនាគារ វឌ្ឍនៈ។
ជាមួយគ្នានេះ លោក Anthony Chin អគ្គនាយកប្រតិបត្តិនៃធនាគារ វឌ្ឍនៈ និងលោក ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé បានបង្ហាញពីចក្ខុវិស័យរួមគ្នាក្នុងការផ្តល់នូវបទពិសោធន៍ថ្មីៗ និងតម្លៃពិសេសៗដល់អតិថិជន។ អគ្គនាយកប្រតិបត្តិទាំងពីរ និងក្រុមការងាររបស់ខ្លួន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញការច្នៃប្រឌិតថ្មីៗ និងភាពងាយស្រួលនេះបន្ថែមទៀត ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé។
ធនាគារ វឌ្ឍនៈ ដែលមានអ្នកឧកញ៉ា សំ អាង ជាប្រធានក្រុមប្រឹក្សាភិបាល បច្ចុប្បន្នមានចំនួន ៣៣ សាខា ដែលនៅរាជធានីភ្នំពេញមាន ១៣ សាខា និងនៅតាមបណ្តាខេត្តមាន ២០សាខា ដូចជា សៀមរាប បាត់ដំបង កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ កំពង់ចាម ត្បូងឃ្មុំ (ក្រុងសួង) កំពង់ធំ បៃលិន ក្រុងប៉ោយប៉ែត កំពង់ឆ្នាំង ក្រចេះ រតនគិរី ព្រះវិហារ បន្ទាយមានជ័យ ព្រៃវែង ឧត្តរមានជ័យ កំពត ស្ទឹងត្រែង និងខេត្តកណ្តាល (ក្រុងតាខ្មៅ)។
សូមជម្រាបថា ឧកញ៉ា ឃន ឈុនដារ៉ា កើតនៅឆ្នាំ១៩៨៩ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យប្រ៊ីស្ដូល (Bristol) ប្រទេសអង់គ្លេស។ លោកត្រូវបានមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ ឧកញ៉ា ឃន ឈុនដារ៉ា ត្រូវបានគេស្គាល់ថា ជាកូនប្រសាឧកញ៉ា ហេង សៀ ហើយភរិយារបស់លោក គឺអ្នកស្រី តាំង គីមហៀង៕