មន្ទីរសាធារណការ និងដឹកជញ្ជនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤មិនាឆ្នាំ២០២៣ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ធផលបាន ៦២% ហើយតាមផែនការ គំរោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។
គម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ១ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុន OCIC របស់មហាសេដ្ឋីដ៏មានឥទ្ធិពល និងរឹងមាំបំផុតរាប់ទស្សវត្សរ៍អ្នកឧកញ៉ា ពុង ឃាវសែ។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលវិនិយោគសាងសង់ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងរណបកោះនរា បានឲ្យដឹងថា ស្ពានបេតុងខ្សែកាបដែលតភ្ជាប់តំបន់កោះពេជ្រទៅកោះនរានេះ នឹងចំណាយថវិកា ៣៨លានដុល្លារអាមេរិក និងរយៈពេលសាងសង់ចំនួន ៣៥ខែ គិតពីថ្ងៃបើកការដ្ឋានសាងសង់។
អ្នកឧកញ៉ាបន្តថា ស្ពានបេតុងខ្សែកាបដែលតភ្ជាប់កោះពេជ្រ ទៅ កោះនរានេះ រចនាប្លង់ដោយក្រុមហ៊ុនចិន និងសាងសង់ដោយក្រុមហ៊ុនចម្រុះចិន-ខ្មែរ ។ ទីក្រុងរណបកោះនរា ស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕