ឧកញ៉ា សំ សុខនឿន យល់ថាការដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នឹងចំណេញដល់វិស័យអចលនទ្រព្យ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty ​បាន​សម្តែង​ការ​អបអរសាទរ ដែល​កម្ពុជា​ត្រូវ​បាន​ដក​ចេញ​ពី​ «បញ្ជី​ប្រផេះ»​ នៃក្រុមប្រទេស​ដែលមានហានិភ័យ​ខាងលាងលុយ​កខ្វក់ ហើយ​​លោក​ឧកញ៉ា​យល់​ឃើញ​ថា​ការ​ដក​ចេញ​នេះ​ ​នឹង​​ជួយ​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​មួយ​កម្រិត​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​ឧកញ៉ា សំ សុខនឿន បាន​ថ្លែង​ប្រាប់​ឧកញ៉ា ញូស៍ ឱ្យ​ដឹង​ថា ជាការពិត មួយរយៈដែលកម្ពុជា​ជាប់ក្នុងបញ្ជី​ប្រផេះនោះ គឺជាអ្វីដែលកម្ពុជាមិនចង់បានទេ ហើយពីដើមមកកម្ពុជា​យើង​ ពុំ​ដែល​ធ្វើ​អ្វី​មួយ​គួរ​ទទួល​បាន​នូវ​បញ្ជី​ប្រផេះ​នោះ​ទេ។ ដោយឡែក យើង​ជាប់​បញ្ជីប្រផេះ​ ដែល​ធ្វើ​ឱ្យ​យើង​មាន​ផល​លំបាក​ខ្លះៗ​ទៅ​លើ​​អចលនទ្រព្យ ​ការ​ទិញ​លក់ លំហូរ​សាច់ប្រាក់​ពី​ក្រៅ​ប្រទេស ដើម្បី​វិនិយោគ​ចូល​មក​ក្នុង​កម្ពុជា។

លោក​ឧកញ៉ា បាន​បន្ត​ថា ការ​ដក​បញ្ជី​ប្រផេះ​ចេញ​នេះ​ជា​មោទនភាព​របស់​កម្ពុជា ដែល​បញ្ជាក់​ទៅ​កាន់​ពិភពលោក​ឱ្យ​ដឹង​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​លាង​លុយ​អ្វី​នោះ​ទេ ដូច្នេះ​កម្ពុជា​​ជា​ប្រទេស​ដែល​ត្រឹម​ត្រូវ ហើយ​ការ​វិនិយោគ​ផ្សេងៗ​សុទ្ធ​សឹង​តែ​វិនិយោគ​ពី​បរទេស​មក​​ដ៏​ត្រឹម​ត្រូវ ហើយ​ការ​ទិញ​លក់​អចលនទ្រព្យ​ផ្សេងៗ​ សុទ្ធ​តែ​ការ​វិនិយោគ​ពិត​ប្រាកដ មិន​មែន​ជា​ការ​វិនិយោគ​ជា​ការ​លាង​លុយ​អ្វី​នោះ​ទេ។

អ្វី​ដែល​ជា​ចំណុច​ពិសេស នៅ​ពេល​កម្ពុជា​ត្រូវ​បាន​គេ​ដក​ចេញ​ពី​បញ្ជី​ប្រផេះ​នោះ ​គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា រាល់​ការ​វិនិយោគ​ផ្សេងៗ​នៅ​កម្ពុជា​យើង សុទ្ធ​តែ​ជា​ការ​វិនិយោគ​ដ៏​ត្រឹម​ត្រូវ ដ៏​បរិសុទ្ធ ​​និង​បញ្ជាក់​ទៅ​កាន់​ពិភពលោក​ឱ្យ​ដឹង​ថា កម្ពុជា​ជា​កន្លែង​គួរ​តែ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ព្រោះ​បាន​បង្ហាញ​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​លាង​លុយ ឬ​ស្ថិត​ក្នុង​បញ្ជី​ប្រផេះ​ទៀត​ទេ។ ការ​ដក​ចេញ​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា អចលនទ្រព្យ​របស់​កម្ពុជា នៅ​តែ​ជា​វិស័យ​ដ៏​សំខាន់ ដើម្បី​​ទាក់ទាញ​វិនិយោគ​ពី​ក្រៅ​ប្រទេស មក​កាន់​កម្ពុជា​ដដែល ​​ហើយ​ផល​ចំណេញ​ពី​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ លេច​ធ្លោរ​មែនទែន ​​ដែល​មាន​ផល​ចំណេញ​ខ្ពស់។

លោក​ឧកញ៉ា សំ សុខនឿន បាន​បន្ថែម​ថា មិន​ថា​តែ​វិស័យ​អចលនទ្រព្យ​ទេ គឺ​គ្រប់​វិស័យ​ទាំង​អស់ បាន​ដើរ​យ៉ាង​លឿន​បំផុត មាន​ការ​រីក​ចម្រើន​ខ្លាំង​មែនទែន។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ទាំង​អស់ ដូច្នេះ​ការ​វិនិយោគ​លើ​អចលនទ្រព្យ នៅ​តែ​​មាន​ផល​ចំណេញ​ខ្ពស់ ហើយ​ការ​ដក​បញ្ជី​​ប្រផេះ​ពី​កម្ពុជា​នេះ បាន​ជួយ​​ដល់​ការ​សង្ស័យ​របស់​អ្នក​វិនិយោគ​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស ដែល​គិត​ថា​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​មិន​ពិត​ប្រាកដ​ ដោយសារ​ការ​លាង​លុយ តែ​ពេល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ហើយ​ កម្ពុជា​មិន​បាន​ពាក់ព័ន្ធ​នោះ​ទេ ហើយ​តម្លៃ​ទិញ​លក់​អចលនទ្រព្យ គឺ​ជា​តម្លៃ​លើ​ទីផ្សារ​ពិត​ប្រាកដ។

សូម​ជម្រាប​ថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាន​នៅ​ទីក្រុងប៉ារីស នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្តល់យុត្តិធម៌ជូនរាជរដ្ឋាភិបាលកម្ពុជា​ ដោយបាន​ប្រកាស​ជាផ្លូវការ ដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេស​ដែលមានហានិភ័យ​ខាងលាងលុយ​កខ្វក់៕