អគ្គនាយកដ្ឋានពន្ធដារ ប្រកាសបញ្ជីឈ្មោះសហគ្រាសចំនួន១០ ដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ២០២២ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ដោយទទួលបានលិខិតសរសើរចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ក្នុងនោះ ធនាគារកាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន វិនិយោគអាណិកជនក្រៅប្រទេស OCIC ជាប់ឈ្មោះក្នុងបញ្ជី Top 10 នៃសហគ្រាសដែលបានបង់ពន្ធចូលរដ្ឋច្រើនជាងគេក្នុងឆ្នាំ២០២២។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៦ ខែមីនា សហគ្រាសដែលបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំ២០២២ទាំង១០នោះរួមមាន៖ ១.ក្រុមហ៊ុន HEINEKEN (CAMBODIA) CO., LTD , ២.ADVANCED BANK OF ASIA LIMITED , ៣.ACLEDA BANK PLC , ៤.ក្រុមហ៊ុន PRASAC MICROFINANCE INSTITUTION PLX , ៥.ក្រុមហ៊ុន SMART AXIATA CO., LTD , ៦.ក្រុមហ៊ុន VIETTEL (CAMBODIA) PTE., LTD, ៧.CANADIA BANK PLC , ៨. ក្រុមហ៊ុន CAMBREW LTD , ៩.ក្រុមហ៊ុន ELECTRICITE DU CAMBODGE និង១០. SATHAPANA BANK PLC។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានចេញលិខិតសរសើរលើកទឹកចិត្តជូនសហគ្រាសសម្រាប់ឆ្នាំ២០២២ នឹងផ្តល់ជូនសហគ្រាសចំនួន ២០០ ដែលត្រូវទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស និងបានបង់ពន្ធច្រើនជាងគេក្នុងឆ្នាំទៅតាមលំដាប់ដោយ ក្នុងនោះពីលេខរៀងទី១ ដល់ទី ៥០ ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន និងលេខរៀងទី៥១ ដល់២០០ ចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមអគ្គនាយកដ្ឋានពន្ធដារដដែរ ការផ្តល់ជូនលិខិតសរសើរពីប្រមុខថ្នាក់ដឹកនាំនេះ គឺបានសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ការពង្រឹងវប្បធម៌បង់ពន្ធនិងការលើកទឹកចិត្តដល់អ្នកជាប់ពន្ធ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏ សំខាន់ និងជាដៃគូដ៏ចម្បងរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ ឧកញ៉ាកោះក្របី