លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុន Sam SN Realty យល់ឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យ លើផ្នែកដីធ្លី គឺទាមទារត្រូវការទុករយៈពេលយូរ ដែលមានចន្លោះពី ៣ឆ្នាំ ទៅដល់ ១០ឆ្នាំ ទៅតាមការអភិវឌ្ឍន៍ជាក់ស្តែង។

លោកឧកញ៉ា បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា ការវិនិយោគលើដីធ្លី ត្រូវការទុករយៈពេលយូរ ដែលមានចន្លោះពី៣ឆ្នាំ ទៅ១០ឆ្នាំ តាមការអភិវឌ្ឍន៍។ បើអ្នកវិនិយោគណាម្នាក់ទិញហើយ ហើយសាច់ប្រាក់វិនិយោគនោះ មិនអាចទុកបានយូរដល់កម្រិតនៃការអភិវឌ្ឍទេនោះ អ្នកវិនិយោគនោះនឹងមិនអាចចំណេញបានជាទីគាប់ចិត្តឡើយ។

យ៉ាងណាមិញ លោកឧកញ៉ា សំ សុខនឿន ក៏ធ្លាប់បានលើកឡើងពីមុនផងដែរថា ជាការពិត ការវិនិយោគលើអចលនទ្រព្យ លើប្រភេទណាក៏ដោយ ក៏មានផលល្អ និងបានផលចំណេញផងដែរ តែគ្រាន់តែផលចំណេញពីការវិនិយោគខ្លះមានចំណាយពេលយូរ ឬឆាប់រហ័ស តិច ឬច្រើនតែប៉ុណ្ណោះ។
បើតាមលោកឧកញ៉ា ការវិនិយោគនីមួយៗគឺផ្អែកទៅលើស្ថានភាព និងហិរញ្ញវត្ថុរបស់អ្នកវិនិយោគ។ លោកឧកញ៉ា បានបន្ថែមថា ប្រសិនបើចង់បានផលចំណេញខ្ពស់នៅពេលអនាគតពីចន្លោះ ៥ ទៅ ១០ឆ្នាំ នោះការវិនិយោគដីជាយក្រុងភ្នំពេញ ជាជម្រើសល្អបំផុត ដែលអ្នកវិនិយោគអាចចំណេញបានរហូតទៅដល់៤០ដង នៃតម្លៃដើម ឬលើសពីនេះទៅទៀត ប្រសិនអ្នកវិនិយោគបានដឹងពីផែនការអភិវឌ្ឍច្បាស់លាស់ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់រាជធានីភ្នំពេញ។ តែអ្នកវិនិយោគប្រភេទនេះត្រូវតែមានលុយដុំ និងកប់ទុកទៅក្នុងការវិនិយោគដីរយៈពេលវែងរហូតដល់ ១០ឆ្នាំ ដែលរង់ចាំពេលវេលានៃការអភិវឌ្ឍបានទៅដល់ជាពិសេសការពង្រីកទីក្រុងភ្នំពេញ។

ឧកញ៉ា សំ សុខនឿន បច្ចុប្បន្ន លោកគឺជាអ្នកជំនាញផ្នែកអចលនវត្ថុនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Kw Sam Sn Realty Co., Ltd រួមទាំងជាប្រធានសមាគមអចលនទ្រព្យសកល។ បច្ចុប្បន្ន លោកកំពុងដឹកនាំ ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងតំណាងក្រុមហ៊ុនរបស់លោកនៅតាមបណ្ដារាជធានី ខេត្ត-ក្រុង ប្រកបដោយវឌ្ឍនភាព លើការផ្ដល់គ្រប់សេវាកម្មអភិវឌ្ឍអចលនវត្ថុក្នុងទីផ្សារកម្ពុជា៕