កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ សមាគមឧកញ៉ាកម្ពុជា បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២ អាណត្តិទី១ របស់ខ្លួននៅសណ្ឋាគារភ្នំពេញ ដែលមានសមាសភាពក្រុមប្រឹក្សាភិបាលចូលរួមចំនួន ២៨រូប លើចំនួនក្រុមប្រឹក្សាភិបាលសរុបចំនួន៣២រូប។
ចំនួនសមាសភាពក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជាមានចំនួនស្រ្តីតែ២រូបប៉ុណ្ណោះ គឺលោកស្រីឧកញ៉ា ហុង ស៊ួន ស៊ីវគង់ទ្រីវ នាយក ក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិក គ្រុប លីមីធីត និងជា ម្ចាស់ មជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ នៅ ភ្នំពេញ, លោកស្រីឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកា សណ្ឋាគារ សែន ហាន ក្រោមវត្តមានដឹកនាំកាចចង្កូតពីអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា អាណត្តិទី១។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាផ្លូវការរួចរាល់ហើយ ដែលតម្កល់សំណុំឯកសារ និងលក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ដែលមានពាណិជ្ជករខ្មែរឆ្នើមៗ ជើងចាស់ម្ចាស់អាណាចក្រជំនួញប្រាក់ពាន់លានដុល្លារនៅក្នុងដៃជាច្រើនរូបចូលរួមបង្កើត។
សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា មានគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន៕