ឧកញ៉ា ម៉ន សុខា៖ ទិញដីឡូត៍ឱ្យទទួលបានផលចំណេញ ត្រូវមើលលើ ៣ចំណុច

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និង​ជា​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ យូនី​វើសលហ្គ្រេត ឌីវេឡុបម៉ិន ឯ.ក ​​បាន​បង្ហើប​ឱ្យ​ដឹង​ពី​គន្លឹះ​​​​ចំនួន ៣​ចំណុច​ ដើម្បី​ប្រាកដ​ថា ​​យើង​ទិញ​ដីឡូត៍​​​អាច​ទទួល​បាន​នូវ​ផល​ចំណេញ។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​លោក​ឧកញ៉ា ​​បាន​លើក​ឡើង​ក្នុង​បទសម្ភាសន៍​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​​ថា អតិថិជនដែលទិញដីឡូត៍​កន្លងមក គឺទទួលបានផលចំណេញ ប៉ុន្តែសួរថាតើចំណេញលើអ្វី? ចំណេញ​ដោយសារ​តែ​តម្លៃ​កើន​ឡើង​ក្នុង​តំបន់​នោះ ឬ​មាន​អ្វី​មក​វាស់វែង​បន្ថែម ព្រោះ​ឧទាហរណ៍ កាល​៣ឆ្នាំឬ​៥​ឆ្នាំ អតិថិជន​អាច​ទិញ​ដីឡូត៍​តម្លៃ​ក្រោម ១ម៉ឺន​ដុល្លារ ៣ពាន់ដុល្លារ ឬ​៥ពាន់ដុល្លារ ​​ហើយ​មក​ទល់​បច្ចុប្បន្ន​ដីឡូត៍​របស់​ពួកគាត់ ​​ពិត​ជា​មាន​តម្លៃ​ខ្ពស់​ជាង​មុន ២ឬ៣ដង​មែន។ ប៉ុន្តែសួរថា យក​តែ​ករណី​នេះ​មក​វាស់វែង​បាន​ដែរ​ឬ​ទេ? ដូច្នេះ​​​ដើម្បី​ប្រាកដ​ថា ទិញ​ដីឡូត៍​​​ទទួល​បាន​ផល​ចំណេញ ​​លោក​ឧកញ៉ា សូម​លើក​ឡើង​នូវ​ ៣​ចំណុច​ដូច​ខាង​ក្រោម៖

ទី១ ទិញដីឡូត៍​ក្នុង​តំបន់​មួយ​ដែល​មាន​​តម្លៃ​ល្អ​ប្រសើរ តម្លៃ​ពិសេស ​​ហើយ​តម្លៃ​នេះ​ជឿ​ថា​​នឹង​មាន​ការ​កើន​ឡើង​នៅ​ពេល​៣ឆ្នាំ ឬ​៥​ឆ្នាំ​ខាង​មុខ។

ទី២ ពេល​ទិញ​ដី​ហើយ ​​មួយឆ្នាំឬពីរឆ្នាំក្រោយ​ ត្រូវ​​ច្បាស់​ថា​ដី​នោះ​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍ ​​អាច​យក​ទៅ​ប្រើប្រាស់​​អាស្រ័យ​ផល​បាន ដូចជា​សម្រាប់​​សាងសង់​ផ្ទះ​រស់នៅ សម្រាក​លំហែ ឬ​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​បាន។

ទី៣ អាច​យក​តម្លៃ​ដី​ ហាងឆេង​ដែល​ឡើង​នោះ ទៅ​​ប្រើប្រាស់​សម្រាប់​ដាក់​បញ្ចាំ​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា​មួយ ដើម្បី​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ​មក​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​បន្ថែម​ទៀត នោះ​ទើប​ទទួល​ស្គាល់​ថា ដីឡូត៍​នោះ​ពិត​ជា​ទទួល​បាន​ការ​ចំណេញ។

លោក​ឧកញ៉ា បាន​បន្ថែម​ថា ជាក់ស្តែងលោក​ធ្លាប់​ជួប​អតិថិជន​ភាគ​ច្រើន​កន្លង​មក ពិត​ជា​អាច​ប្រើប្រាស់​ចំណុច​ទាំង​៣​នេះ​បាន ប៉ុន្តែ​ក៏​មាន​អតិថិជន​មួយ​ចំនួន​ទិញ​ដីឡូត៍​ហើយ មិន​អាច​​ទទួល​បាន​​ចំណុច​ទាំង​អស់​នេះ​ដែរ ដោយសារ​មូលហេតុ​​​ទិញ​ដី​នៅ​​តំបន់​ឆ្ងាយ​ពេក មិនមាន​ការ​អភិវឌ្ឍន៍ ឬ​គ្មាន​ទឹកគ្មាន​ភ្លើង​ទៅ​ដល់​ ជាដើម។

សូម​ជម្រាប​ថា ឧកញ៉ា ម៉ន សុខា ជា​ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ​តាំងពី​អាណត្តិ​ទី​១ ចាប់ពី​ឆ្នាំ២០២០​មក ​​ហើយ​លោក​ទើប​បាន​ជាប់ឆ្នោត​ជាប្រធានដឹកនាំសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា នៅអាណត្តិ​ទី២ រយៈពេល ៣ឆ្នាំបន្ត ចាប់ពី​ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ ស្ថាបនិកសាលាបណ្តុះបណ្តាលយូជីឌី (UGD Academy) ដែល​ទទួលគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ រូប​នេះ បច្ចុប្បន្ន​ ក៏​ជា​ម្ចាស់គម្រោងអភិវឌ្ឍដីឡូត៍ដែលមានឈ្មោះ លំហែក្រាំងទំនប់ ហ្គ្រីន​ហ្សូន​ រេស៊ីដិន (Green Zone Residence) ដែល​មានទីតាំងស្ថិតនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារ​បាត់ដឹង​ប្រ​ហែ​ល៦គីឡូម៉ែត្រ ផងដែរ៕