កូនស្រីទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីខួប១៥ឆ្នាំ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

លោកស្រី ចម និម្មល កូនស្រី​របស់​​លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ​​បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធីប្រារព្ធខួប ១៥ឆ្នាំ ក្រុមហ៊ុន អ៊ីហ្ស៊ីខម ​​ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​​ រ៉ូយ៉ាល់ គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ២០២៣​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធ​ការិយាល័យកណ្តាល និងអបអរខួប១៥ឆ្នាំនេះ​ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី ចម និម្មល និង​មាន​ការ​ចូល​រួម​ផ្ទាល់​ពី​អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងថ្នាក់ដឹកនាំជាន់ខ្ពស់ និងលោក​ស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Ezecom និង​ថ្នាក់ដឹកនាំជាន់ខ្ពស់។ ពិធីអបអរ​ខួប​១៥ឆ្នាំ ធ្វើឡើងក្រោមពាក្យស្លោក “ប្រសើរឡើងព្រមគ្នា” បានរចនាឡើង​ដោយប្រើពណ៌ចម្រុះគ្នា ដែលតំណាងឱ្យភាគីពាក់ព័ន្ធនានា មានដូចជា អតិថិជន និយតករ ដៃគូ ពាណិជ្ជករ ភាគហ៊ុន និងក្រុមបុគ្គលិក ជាដើម ដែលបានសហការគ្នាជាធ្លុងមួយ ប្រកបដោយភាពសុខដុម និងរួមគ្នា​បង្កើត​ភាពជោគជ័យ និងវឌ្ឍនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល តាមរយៈការលើកកម្ពស់អភិបាលកិច្ចល្អ និងការ​ផ្តល់​​គុណតម្លៃខ្ពស់ចំពោះមនុស្សជាតិ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន អ៊ីហ្ស៊ីខម ក៏បានសម្ពោធនូវនិមិត្តសញ្ញាថ្មី ដោយមោទកភាព ដែលជាការបញ្ជាក់ពីការកំណត់ចក្ខុវិស័យ និងបេសកកម្ម ក្នុងនាមជាក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍ឈានមុខគេ។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនដែលមានផ្នត់គំនិតអភិវឌ្ឍ ហើយ​ក្រុមហ៊ុន​តែងតែបោះជំហានមុនគេ។ ប្រទេសកម្ពុជា ត្រូវការជាចាំបាច់នូវការអភិវឌ្ឍន៍ឈានឡើងគ្រប់វិស័យ។ ការអភិវឌ្ឍន៍ទាំងឡាយនេះ ចាំបាច់ត្រូវមានការ​សហការ​ពីគ្រប់វិស័យ និងទ្រទ្រង់គ្នាជាប្រព័ន្ធដ៏រឹងមាំមួយ។ វិស័យឧស្សាហកម្មទាំងអស់ ត្រូវការបច្ចេកវិទ្យា​ទូរគមនាគមន៍ និងព័ត៌មាន ដែលមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍធុរកិច្ចរបស់ខ្លួន។ ដូច្នេះ ការមានសមត្ថភាព​ធនធាន​ត្រឹមត្រូវ គឺជារូបមន្តឈ្នះៗក្នុងកិច្ចការអាជីវកម្ម។

គួរ​បញ្ជាក់​ថា អ្នកឧកញ៉ា គិត ម៉េង តែង​យកចិត្តទុកដាក់ខ្ពស់ លើវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ដោយ​ចាត់​ទុក​វិស័យ​នេះ​ ជាវិស័យគន្លឹះក្នុងការជំរុញកំណើនផលិតផលក្នុងស្រុកសរុប​របស់កម្ពុជា និងដើរតួនាទី​សំខាន់ក្នុងការត្រួសត្រាយផ្លូវឱ្យកម្ពុជាអភិវឌ្ឍខ្លួន ទៅជាប្រទេសរីកចម្រើនមួយ ស្រប​ទៅ​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ យ៉ាងណាមិញ ក្រុមហ៊ុន អ៊ីហ្ស៊ីខម របស់​អ្នកឧកញ៉ា ជា​ក្រុមហ៊ុន​ ICT ​​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បានឈ្នះពានរង្វាន់ថ្នាក់អន្តរជាតិ និងថ្នាក់តំបន់ជាច្រើន ក្នុងផ្នែកផលិតផល សេវាកម្ម និង​គុណភាព ជាពិសេស​​គឺ​ក្រុមហ៊ុន​​ទើប​ឈ្នះ​ពានរង្វាន់ធុរកិច្ចអាស៊ាន ឆ្នាំ២០២២ សម្រាប់ការអភិវឌ្ឍន៍​​ជំនាញ​ឌីជីថល​ក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍៕