អ្នកឧកញ៉ា គួច ម៉េងលី៖ ថ្នាំពេទ្យអាចព្យាបាលយើងតែមួយគ្រា តែវិជ្ជាអាចព្យាបាលយើងមួយជីវិត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន យល់ឃើញ​ថា ចំណេះដឹង​គឺ​ប្រសើរជាងថ្នាំពេទ្យ ​​​ព្រោះ​ចំណេះ​ដឹង​​​អាច​នឹង​ជួយ​ឱ្យ​​​យើង​ចេះ​ការពារ​ខ្លួន និង​ថែរក្សា​សុខភាព​​បាន​ល្អ​ពេញ​មួយ​ជីវិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា វេជ្ជបណ្ឌិត ​​បាន​លើក​ឡើង​ថា ចំណេះដឹងប្រសើរជាងថ្នាំពេទ្យ ត្រង់ថានៅពេលយើងចេះដឹងទៅ យើងនឹងចេះការពារ ចេះរស់នៅដោយសុខភាពល្អ ចេះអនាម័យ ចេះទុកដាក់ ចេះទៅពិនិត្យសុខភាព។ល។ បើយើងជាអ្នកអប់រំ យើងយល់ ដល់ខែយើងនឹងទៅពិនិត្យសុខភាព ហើយញ៉ាំរបស់ ដែលមានគុណភាព មាន​អនាម័យត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រជាដើម។

អ្នកឧកញ៉ា បានបន្ថែម​ថា បើយើងជាអ្នកអប់រំ យើងយល់ដឹងទាំងអស់ហ្នឹង អំពីការទុកដាក់ ការរស់នៅ ភាព​ថ្លៃថ្នូរ សុខភាពល្អ ហើយដឹងរបស់ណាគួរញ៉ាំនិងរបស់ណាមិនគួរញ៉ាំ។ ចំណេះដឹង គឺព្យាបាលជំងឺ ១០០ទៅ​១០០០ជំពូក ប៉ុន្តែថ្នាំពេទ្យជួយព្យាបាលយើងបានតែមួយជំពូកប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា បាន​ផ្តាំ​ផ្ញើ​ថា ដូច្នេះហើយ សូមចងចាំថា ថ្នាំពេទ្យមិនអាចជួយព្យាបាល​យើងគ្រប់ពេល​នោះទេ តែការអប់រំពិតប្រាកដអាចជួយយើងបាន។ ទីណាមានចំណេះដឹង ទីនោះមានសន្តិភាព ហើយទីណា​មានសន្តិភាព ទីនោះនឹងមានភាពរីកចម្រើននិងអភិវឌ្ឍន៍ជឿនលឿន។ សូមចូលរួមវិនិយោគលើការសិក្សា​អប់រំ​ទាំងអស់គ្នា ដើម្បីចៀសឆ្ងាយពីជំងឺអវិជ្ជា។

គួរបញ្ជាក់ថា ​​អ្នកឧកញ៉ា គួច ម៉េងលី ជាបុគ្គល​មួយ​រូប​ ដែល​​តែង​តែ​ឱ្យ​តម្លៃ​ខ្លាំង​លើ​ការអប់រំ ​​​ខណៈ​ដែល​អ្នកឧកញ៉ា ជា​ម្ចាស់​សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និង​មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii)។ ​​​​អ្នកឧកញ៉ា គួច ម៉េងលី ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក ហើយ​នៅ​ឆ្នាំ​២០០៧ ហើយ​លោក​​ក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាលសាធារណៈ ​​ពី​សាកលវិទ្យាល័យ Massachusetts ទីក្រុង Amherst សហរដ្ឋអាមេរិក ផងដែរ៕