អ្នកឧកញ៉ា ឧកញ៉ាច្រើនរូបចូលរួមប្រជុំរៀបចំតួនាទីការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មរាជធានីភ្នំពេញអាណត្តិថ្មី

ជុំវិញ​ឧកញ៉ា

សភាពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំលើកទី១ ដើម្បីរៀបចំតួនាទីរបស់ការិយាល័យប្រតិបត្តិ និងលើកទិសដៅការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ដែលទើបនឹងជាប់ជាប្រធានសភាពាណិជ្ជកម្មកម្ពុជាអាណត្តិថ្មី ក្រោយកាន់កាប់រយៈពេល ១២ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសភាពាណិជ្ជកម្ម ការរៀបចំកិច្ចប្រជុំលើកទី១ ស្តីពី«ការរៀបចំតួនាទីរបស់ការិយាល័យប្រតិបត្តិ និងលើកទិសដៅការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ សម្រាប់អាណត្តិទី៤ លើកទី២ » មានវត្តមាន អ្នកឧកញ៉ា ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក ដែលជាសមាជិក សមាជិកាជ្រើសតាំងចំនួន៤០រូប ក្នុងនោះស្រ្តីមានចំនួនពីររូប គឺលោកស្រីឧកញ៉ា កែវ មុំ និងលោកស្រីឧកញ៉ា ចាន់ សុទ្ធា។

ក្នុងកិច្ចប្រជុំលើកទី១ បន្ទាប់ពីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្រៅពីអ្នកឧកញ៉ា គិត ម៉េង ក៏មានអ្នកឧកញ៉ា ឧកញ៉ាម្ចាស់ក្រុមហ៊ុនធំៗអញ្ជើញចូលរួម ដូចជា៖ អ្នកឧកញ៉ា លី ឃុនថៃ, ឧកញ៉ា លឹម ហេង, ឧកញ៉ា តែ តាំងប៉, អ្នកឧកញ៉ា ផៃ ហុកឈួន, អ្នកឧកញ៉ា លី សេងឃាង, ឧកញ៉ា ណាង សុធី, ឧកញ៉ា ងួន ម៉េងតិច, ឧកញ៉ា ទី ពិសិដ្ឋ, ឧកញ៉ា អ៉ឹង សែ, ឧកញ៉ា វិញ ហួរ, ឧកញ៉ា សុខ ឆេង, ឧកញ៉ា ហ៊ុន ឡាក់, ឧកញ៉ា តាំង គួង, ឧកញ៉ា សូ ងួន, ឧកញ៉ា គួច ផេង, ឧកញ៉ា ឈាង រ័ត្ន និងឧកញ៉ា សូវ សច្ចៈសម្បត្តិ។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ អស់រយៈពេល១២ឆ្នាំមកហើយ សម្រាប់អាណត្តិទី៥នេះ អ្នកឧកញ៉ានឹងដឹកនាំបន្តចំនួន៣ឆ្នាំទៀត។

សូមជម្រាបថា សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពា​ណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។ គិតមក​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០២១ សភាពាណិជ្ជកម្ម​កម្ពុជា​ បាន​ចុះ​អនុស្សារណៈយោគយល់​ និង​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិការ​សរុបចំនួន​ ១៣០ ជាមួយ​ស្ថាប័នដៃ​គូ​ជាតិ​ និង​អន្តរជាតិ។

គួររម្លឹកថា សភាពាណិជ្ជកម្មត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​ស្តីពី ​សភាពាណិជ្ជកម្ម​​ក្នុង​ឆ្នាំ​១៩៩៥ និង​លិខិតបទដ្ឋាន​គតិយុត្ដិ​ពាក់​ព័ន្ធនានា​។ សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នមួយ​មិន​សំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​នៅ​ទូទាំង​ប្រទេស៕