លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកា បុរី វិមានសំណាង យល់ឃើញថា ពាក្យ “ស្ត្រីវិលចង្ក្រានមិនជុំ” គឺមិនមានទៀតនោះទេ នាពេលបច្ចុប្បន្ននេះ ព្រោះបច្ចុប្បន្នស្ត្រីភាគច្រើន សុទ្ធតែមានសមត្ថភាពខ្ពស់ អាចចូលរួមក្នុងសង្គម ទាំងវិស័យឯកជន និងវិស័យរដ្ឋ ក្នុងការរួមចំណែកជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន។

លោកជំទាវ បានលើកឡើងក្នុងវីដេអូឃ្លីបមួយ យ៉ាងដូច្នេះថា៖ “តាមពិតទៅពាក្យ «ស្ត្រីវិលចង្ក្រានមិនជុំ» បើសិនជាសម័យពីដើម អាចត្រូវ ប៉ុន្តែបើសម័យបច្ចុប្បន្ន ពាក្យថាស្ត្រីវិលចង្ក្រានមិនជុំ ឬស្ត្រីធ្វើអ្វីមិនបាននោះ គឺហួសសម័យហើយ ព្រោះបើយើងមើលក្នុងពេលបច្ចុប្បន្ន ទាំងអាជីវកម្ម ទាំងនៅក្នុងវិស័យឯកជន វិស័យរដ្ឋ គឺសុទ្ធតែមានស្ត្រីចូលរួមទាំងអស់ ហើយនៅពេលដែលស្ត្រីចូលរួមផុសផុលបែបនេះ ឃើញថាសេដ្ឋកិច្ចប្រទេសយើង មានការរីកចម្រើនខ្លាំង”។

លោកជំទាវឧកញ៉ា បានបន្ថែមថា បច្ចុប្បន្នសង្គមយើងរីកចម្រើន ដោយសារមួយផ្នែកធំមានការចូលរួមពីស្ត្រី ហើយយើងឃើញថាបច្ចុប្បន្នស្ត្រីមានសមត្ថភាពខ្លាំងៗណាស់ ទាំងចំណេះដឹង ការចែករំលែក និងការងារក្នុងសង្គម។ ដូច្នេះពាក្យខាងលើនេះ សម្រាប់លោកជំទាវ គឺយល់ថាគ្មានទៀតនោះទេ ប៉ុន្តែទទឹមនឹងនោះ ស្ត្រីខ្លួនឯងក៏ត្រូវមានភាពរឹងមាំដែរ បើសិនជាយើងគិតថាខ្លួននៅតែក្នុងចង្ក្រាន និងមិនបានត្រៀមខ្លួនចូលប្រឡូកក្នុងសង្គម នោះយើងនឹងនៅតែកន្លែងនោះហើយ ហើយដើម្បីចេញផុតពីកន្លែងនោះបាន យើងត្រូវរៀនសូត្រ និងត្រូវចូលរួមទទួលបទពិសោធន៍ក្នុងសង្គមឱ្យបានច្រើន។
សូមជម្រាបជូនថា ជំទាវឧកញ៉ា គង់ សំណាង គឺជាអគ្គនាយិកា បុរី វិមានសំណាង ដែលស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ក្នុងនោះមានប្រភេទផ្ទះប្រណីតៗដូចជា វីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ។

ជំទាវឧកញ៉ា គង់ សំណាង ធ្លាប់បានបញ្ជាក់ផងដែរថា អ្វីដែលបុរី វិមានសំណាង កំពុងអភិវឌ្ឍន៍ គឺផ្តល់នូវរសនិយម និងការបត់បែនតាមសម័យកាលរបស់អតិថិជន។ ជាពិសេស បុរី វិមានសំណាង មិនផ្តោតលើប្រាក់ចំណេញ ជាអាទិភាពនោះទេ ប៉ុន្តែផ្តោតលើការកសាងទំនុកចិត្ត និងការកសាងសហគមន៍ពោរពេញ ដោយភាពរសរវើក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងលំនៅដ្ឋាន សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកស្ទួយនូវសេដ្ឋកិច្ចជាតិ៕


