លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ លោកជំទាវមានបញ្ហាឈឺភ្នែកបន្តិចបន្តួច ក៏ទៅជួបពេទ្យឯកទេសភ្នែកមួយកន្លែង ប៉ុន្តែបែរជាពិនិត្យ មិនឃើញអាការៈ និងថែមទាំងឱ្យថ្នាំទៅលេបដោយទ្រាំជាមួយនឹងការឈឺចាប់។ លុះលោកជំទាវ ទៅជួបវេជ្ជបណ្ឌិតមួយទៀត ដែលមានជំនាញច្បាស់លាស់ ទើបរកឃើញបញ្ហាពិតប្រាកដ។
ឧកញ៉ា កែវ មុំ បានលើកឡើងលើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះថា កាលពីព្រឹកថ្ងៃទី១២ ខែមីនា លោកជំទាវមានអារម្មណ៍ថាមានអ្វីចាក់ៗភ្នែក ខំលាងទឹក តែមិនបាត់ ក៍ហៅកូនស្រីមកជួយមើល តែមើលដោយភ្នែកទទេមិនឃើញមានអ្វីទេ។ កូនស្រីក៏ឆែកតាមអ៊ីនធឺណិតរកពេទ្យឯកទេសភ្នែក គាត់ក៍ប្រាប់ឱ្យលោកជំទាវទៅពេទ្យ ឯកទេសនោះពិនិត្យមើលភ្នែក ។ ពេលពិនិត្យរួចហើយគ្រូពេទ្យក៏ប្រាប់ថា មិនមានឃើញអ្វីទេ គឺឃើញមានស្នាមឆ្កូតគ្រាប់ភ្នែកនិងដូចជាមានអ្វី ប៉ះទង្គិចត្រូវខ្លាំងនៅគ្រាប់ភ្នែក ដូច្នេះយកថ្នាំពីប្រភេទនេះ យកទៅបន្តក់ទៅ ពេលបន្តក់រួច វាអាចនឹងឈឺកាន់តែខ្លាំងឡើង បើឈឺខ្លាំងពិបាកទ្រាំ សូមទិញថ្នាំបំបាត់ការឈឺចាប់លេបទៅ។ក្នុងរយៈពេល ៣ទៅ៥ថ្ងៃទៀតទើបជា។
លោកជំទាវ បន្តថា នៅពេលឮគ្រូពេទ្យនិយាយដូច្នេះក៏ត្រឡប់មកផ្ទះវិញខំអង្គុយសមាធិ ព្យាបាលខ្លួនឯង៣ម៉ោង ហើយនៅតែមិនបាត់នៅតែឈឺចាក់ភ្នែក។ យប់ឡើងអង្គុយសមាធិ ៤ម៉ោងទៀតនៅតែមិនបាត់។ ស្អែកឡើងនៅតែឈឺ បើបិទភ្នែកនៅនឹង គឺមិនឈឺទេ តែបើបើកភ្នែកក្រលៀសភ្នែកឬងាកកគឺចាក់ឈឺ ពិបាកហើយឈឺ ខ្លាំងណាស់។ លោកជំទាវបញ្ជាក់ថា ជាទូទៅបើរបួសប៉ុណ្ណឹង អង្គុយសមាធិព្យាបាលខ្លួនឯងឆាប់ជាលឿនណាស់ មិនចាំបាច់ចំណាយពេលយូរដូច្នេះឡើយ។
ដោយមិនអស់ចិត្ត ពេលថ្ងៃត្រង់ ថ្ងៃទី១៣ លោកជំទាវក៏ទៅរកគ្លីនិកមួយទៀត គឺគ្លីនិករបស់លោកវេជ្ជបណ្ឌិត ងី ម៉េង ដែលមានឯកទេសពិតប្រាកដ។ ពេលពិនិត្យ ឃើញថាមានរោមភ្នែកជ្រុះចាក់ចូលក្នុងភ្នែក ក៏ចាប់រោមភ្នែកនោះចេញ។ ចាប់យកចេញរួច ភ្នែកក៏លែងមានការឈឺចាប់ទៀត។
ឧកញ៉ា កែវ មុំ បានសង្កត់ធ្ងន់ថា សំណាងហើយមនុស្សលោកជំទាវ មិនចេះទ្រាំឈឺចាប់បានយូរដូចគេ ដូច្នេះហើយចេះតែស្វះស្វែងរកការព្យាបាល។ បើលោកជំទាវចេះទ្រាំឈឺចាប់បានតាមគ្រូពេទ្យឯកទេសទី១ ប្រាប់ឱ្យទុកដល់ ៣ទៅ៥ ថ្ងៃទៀត ប្រហែលភ្នែកលោកជំទាវអាចនឹងឡើងខ្ទុះ អាចបណ្ដាលឱ្យពិការភ្នែកក៏មិនដឹងផង។ លោកជំទាវ បន្ថែមយ៉ាងដូច្នេះថា “លេងសើចមិនបានទេបងប្អូន រឿងភ្នែកគឺសំខាន់ខ្លាំងណាស់”៕