ឧកញ៉ា ៣រូប ទទួលការតែងតាំងជាទីប្រឹក្សាកិត្តិយសនៃសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ាចំនួន៣រូប បាន​ទទួល​ការ​តែងតាំង​ជាទីប្រឹក្សាកិត្តិយស នៃសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា អាណត្តិទី២ ឆ្នាំ២០២៣-២០២៥។ នេះ​បើ​តាម​សេចក្តីសម្រេច ចុះ​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា

យោងសេចក្តីសម្រេចលេខ០១០/២៣ ស.រ.ស.អ.ដ.ក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សមាគមអ្នក​អភិវឌ្ឍ​ដីឡូត៍កម្ពុជា សម្រេចតែងតាំង​បុគ្គល​ចំនួន​៩​រូប​ ជាទីប្រឹក្សាកិត្តិយស នៃសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា អាណត្តិទី២ ២០២៣-២០២៥ ក្នុង​នោះ​មាន​ឧកញ៉ា​​ចំនួន ​​៣​រូប ដែល​មាន​ដូច​ខាង​ក្រោម៖

១. ឧកញ៉ា ឃាង ពុទ្ធី ៖ ស្ថាបនិកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Khompound និង​ជា​ប្រធានក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ

២. ឧកញ៉ា ម៉ាន់ ច័ន្ទឌី ៖ អគ្គនាយកក្រុមហ៊ុន អាយ ឃ្យូ អាយ ខេមបូឌា

៣. ឧកញ៉ា ចេង ខេង ៖ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL

ក្រៅពី​ឧកញ៉ា​ចំនួន​៣​រូប​ ក៏​មាន​លោក ឃន ជឺ លោក អ៊ិន មាន លោកគ្រូបណ្ឌិត អោម សេងបូរ៉ា លោក សោម សម្បត្តិ លោក យិន លាងគង់ និង​លោកគ្រូ អួន សារ៉ាត់ ជាទីប្រឹក្សាកិត្តិយសសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា អាណត្តិទី២ ​ផង​ដែរ។

កាល​ពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ដឹកនាំដោយ ឧកញ៉ា ម៉ន​ សុខា ប្រធាន​សមាគម ព្រមទាំងក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាច្រើនទៀត បានប្រជុំពិភាក្សា និងប្រកាសតែងតាំង​សមាជិក​គណៈកម្មការប្រតិបត្តិនៃគណៈកម្មាធិការសមាគម ដើម្បីបន្តការអនុត្តក្នុងអាណត្តិទី២ ឆ្នាំ២០២៣-២០២៥ ក្នុងគោលបំណងដើម្បីជួយសម្របសម្រួលដល់អ្នកប្រកបអាជីវកម្ម និងអ្នកអភិវឌ្ឍន៍ដីឡូត៍​ទាំងអស់​ទទួលបានការយល់ដឹង និងជ្រាបច្បាស់អំពីផ្លូវច្បាប់ និងបទបញ្ញត្តិផ្សេងៗរបស់ព្រះរាជណាចក្រកម្ពុជា។

សូមជម្រាបជូនថា សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានបង្កើតឡើងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ខណៈដែលបច្ចុប្បន្នឧកញ៉ា ម៉ន សុខា បន្តជាប្រធាន និងមានអនុប្រធាន ក្រុមប្រឹក្សាភិបាល អគ្គលេខាធិការ ព្រមទាំងសមាជិកច្រើនរូបទៀត ប្រមូលផ្តុំដោយអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ៕