កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល បានអញ្ជើញចុះត្រួតពិនិត្យ ការសាងសង់ទំនប់ទឹកថ្មីនៅលើភ្នំបូកគោ ដែលបានចំណាយទុនអស់ប្រមាណ ៦លានដុល្លារ និងអាចស្តុកទឹកបានរហូតដល់ ១លាន២សែន ម៉ែត្រគូប។

អ្នកឧកញ៉ា សុខ គង់ ធ្លាប់បានលើកឡើង កាលពីចុងខែមេសា ឆ្នាំ២០២២ កន្លងទៅថា តាមផែនការ ការចំណាយសាងសង់ទំនប់ទឹកថ្មីនេះ ត្រូវចំណាយទុនរហូតដល់ប្រមាណ ៦លានដុល្លារអាមេរិក។ អ្នកឧកញ៉ា បានបន្តថា ទំនប់ទឹកលើភ្នំបូកគោមានស្រាប់មួយហើយ ប៉ុន្តែការសាងសង់ទំនប់ទឹកថ្មីនេះ គឺដើម្បីបំពេញតម្រូវការទឹកស្អាត យកមកប្រើប្រាស់ ខណៈដែលទីក្រុងបូកគោ មានមនុស្សមករស់នៅកាន់តែច្រើនឡើង។
ទំនប់ទឹកថ្មីនេះ មានបណ្តោយខ្នងទំនប់ ប្រវែង២២៣,៥ម៉ែត្រ ទទឹងទំនប់ប្រវែង៩ម៉ែត្រ កំពស់២៥ម៉ែត្រ មានសមត្ថភាពផ្ទុកទឹកបាន១,២លានម៉ែត្រគូប និងបានចាប់ផ្តើមសាងសង់ កាលពីខែមីនា ឆ្នាំ២០២១ ដែលដំបូងឡើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ប៉ុន្តែពេលនេះត្រូវបានពន្យាពេលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣នេះវិញ។

សូមជម្រាបថា ឧទ្យានជាតិព្រះមុនីវង្ស «ភ្នំបូកគោ» ជាតំបន់ដែលមានសក្តានុពលបែបធនធានធម្មជាតិ និងប្រវត្តិសាស្ត្រ។ ជាពិសេស នៅលើភ្នំពេញនេះ មានអំណោយផលល្អសម្រាប់វិស័យទេសចរណ៍ កសិកម្ម អចលនទ្រព្យ និងការវិនិយោគនានា។ យ៉ាងណាមិញ នៅលើភ្នំបូកគោ ក៏មានបឹងធម្មជាតិដ៏ធំមួយ ដែលអាចស្តុកទឹកបានយ៉ាងច្រើនម៉ែត្រគូប។ បឹងធម្មជាតិលើភ្នំបូកគោ មានកម្ពស់ ១០៧៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ហើយបានមកពីទឹកភ្លៀងធម្មជាតិយ៉ាងថ្លាល្អ។ បឹងធម្មជាតិលើភ្នំបូកគោមួយនេះ ក៏ត្រូវបានអ្នកឧកញ៉ា សុខ គង់ បោះទុនប្រមាណ ២លានដុល្លារអាមេរិក ដើម្បីវិនិយោគលើការផលិតទឹកពិសាបរិសុទ្ធ “ឋានសួគ៌បូកគោ” ដោយប្រើបច្ចេកវិទ្យាទំនើបផលិតចេញពីទឹកភ្លៀងធម្មជាតិ នៅលើភ្នំបូកគោផងដែរ៕


