លើលោកនេះកម្រមានមហាសេដ្ឋីឬបុគ្គលជោគជ័យណាចំណាយពេលវេលាជាមួយគ្រួសារច្រើនជាងការងារខ្លាំងណាស់។ ម្យ៉ាងក្រៅតែពីចំណាយវេលាជាមួយការងារនិងជំនួញនោះ អ្នកជោគជ័យឬមហាសេដ្ឋីទាំងនោះ តែងតែចំណាយពេលទៅលើសង្គមនយោបាយ សង្គមមិត្តភក្តិ សង្គមស្នេហា និងសង្គមផ្សេងៗជាច្រើនទៀត ម្ល៉ោះហើយទើបធ្វើឱ្យពួកគេគ្មានពេលវេលាច្រើនសម្រាប់ចំណាយលើក្រុមគ្រួសារ។ និយាយបែបនេះ ពុំមែនមានន័យថាពួកគេបោះបង់គ្រួសារចោលនោះទេ គឺគ្រាន់តែពួកគេមិនសូវមានពេលច្រើនសម្រាប់ក្រុមគ្រួសារ ដូចជាសាមញ្ញជនតែប៉ុណ្ណោះ។
ចំពោះខ្ញុំ ទម្រាំដឹកនាំក្រុមហ៊ុនឱ្យរីកចម្រើនដូចសព្វថ្ងៃ គឺខ្ញុំបានចំណាយពេលវេលាច្រើនណាស់មកលើក្រុមហ៊ុនរបស់ខ្ញុំ។ កាលពីមុន ខ្ញុំតែងតែងើបពីព្រលឹមមកក្រុមហ៊ុនរបស់ខ្ញុំ ហើយជារឿយៗខ្ញុំត្រលប់ចូលផ្ទះវិញនៅម៉ោង១០យប់ ឬជួនកាលខ្ញុំចូលដល់ផ្ទះវិញនៅម៉ោង១២កន្លះ ឬក៏ម៉ោង១យប់ក៏មាន។ ដោយសារតែរវល់នឹងការងារបែបនេះ យូរៗទៅវាបានធ្វើឱ្យខ្ញុំស៊ាំនឹងទម្លាប់មួយនេះ ដល់ពេលស៊ាំយូរទៅ កូនៗរបស់ខ្ញុំនិងប្រពន្ធខ្ញុំ ពួកគាត់ក៏ស៊ាំនឹងការញ៉ាំបាយទាំងថ្ងៃទាំងល្ងាចមុនជារឿយៗទៅ។ ចំណែកខ្ញុំ ខ្ញុំតែងញ៉ាំបាយក្រោយគេតែម្នាក់ឯងរៀងរាល់យប់បន្ទាប់ពីចេញពីធ្វើការដល់ផ្ទះ។
បច្ចុប្បន្នខ្ញុំធ្វើការនៅក្រុមហ៊ុនត្រឹមថ្ងៃសៅរ៍ ប៉ុន្តែកាលពីដំបូងៗខ្ញុំធ្វើការងារប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ ដោយសារតែធ្វើការងាររបៀបនេះ ខ្ញុំកម្រមានពេលចំណាយពេលដើរលេង ឬញ៉ាំបាយជុំគ្រួសារណាស់។ យូរៗមានពេលម្ដងប៉ុណ្ណោះ។ នៅពេលមានពេល ខ្ញុំនាំកូននិងប្រពន្ធខ្ញុំទៅក្រៅដើម្បីញ៉ាំអាហារជុំគ្នា ឬបើមានពេលសម្រាកវែងបន្តិច ខ្ញុំនាំពួកគេទៅដើរកម្សាន្តនៅក្រៅប្រទេស។
ខ្ញុំគិតថា បើខ្ញុំមិនបានចំណាយពេលជាមួយនឹងការងារ ជាមួយនឹងក្រុមហ៊ុនច្រើនដូចនេះទេ ក្រុមហ៊ុនខ្ញុំប្រហែលជាមិនអាចរីកចម្រើនដូចសព្វថ្ងៃឡើយ។ អ៊ីចឹងហើយបានជាខ្ញុំតែងតែប្រាប់បុគ្គលិករបស់ខ្ញុំថា បើចង់ជោគជ័យការងារឬជោគជ័យលើមុខជំនួញ ដាច់ខាតត្រូវតែចំណាយពេលវេលាជាមួយការងារឬមុខជំនួញទាំងនោះឱ្យបានច្រើនបំផុត គឺច្រើនជាងការចំណាយពេលជាមួយគ្រួសារ។ មានន័យថា មិនមែនល្ងាចឡើងគ្រាន់តែដល់ម៉ោងភ្លាម ប្រវេប្រវាអីវ៉ាន់ប្រញាប់ប្រញាល់ចេញទៅផ្ទះជួបប្រពន្ធកូននោះទេ គឺត្រូវតែនៅបង្ហើយការងារឱ្យចប់សិនចាំចេញទៅផ្ទះ។ បើគ្រាន់តែដល់ម៉ោងទុកការងារចោល ហើយប្រញាប់ប្រញាល់ទៅផ្ទះជួបមុខប្រពន្ធកូន ខ្ញុំហ៊ាននិយាយថា ទោះបីធ្វើការ១០ឆ្នាំទៀតក៏គ្មានឱកាសបានកាន់តួនាទីឬតំណែងខ្ពស់ក្នុងក្រុមហ៊ុនដែរ។ ព្រោះគ្មានថៅកែក្រុមហ៊ុនណាឱ្យបុគ្គលិកមិនយកចិត្តទុកដាក់ការងារកាន់តួនាទីខ្ពស់ក្នុងក្រុមហ៊ុនរបស់ខ្លួនឡើយ។
បើតាមការកត់សម្គាល់របស់ខ្ញុំ បុគ្គលិកកវែកកឆ្នាំងរបស់ខ្ញុំដែលយកចិត្តទុកដាក់នឹងការងារ និងលះបង់ពេលវេលាច្រើនក្នុងការចូលរួមអភិវឌ្ឍក្រុមហ៊ុនខ្ញុំ នៅពេលពួកគេឈប់ធ្វើការពីក្រុមហ៊ុនខ្ញុំទៅកម្របរាជ័យខ្លាំងណាស់។ អ្នកខ្លះជោគជ័យលើមុខជំនួញខ្លួនឯង អ្នកខ្លះក្លាយជាអ្នកដឹកនាំកំពូលនៅក្នុងក្រុមហ៊ុនឬស្ថាប័នខាងក្រៅជាដើម។ នេះដោយសារពួកគេបានហាត់ពត់និងលត់ដំខ្លួនជោកជាំនឹងការងារនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ។
ដូច្នេះ ខ្ញុំសូមផ្ដាំដល់ក្មួយៗយុវជនជំនាន់ក្រោយទាំងអស់ថា បើចង់ជោគជ័យលើការងារឬលើមុខជំនួញរបស់ខ្លួន គឺត្រូវចំណាយពេលវេលាឱ្យបានច្រើនបំផុតទៅលើការងារនិងមុខជំនួញនោះ បើពុំដូច្នោះទេ ក្មួយៗប្រាកដជាបរាជ័យមិនខានឡើយ៕
ប្រភព៖ MJQ University Press