សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (Samdech TECHO Foundation Association for the Development of Small and Medium Enterprises in Cambodia) ជាសមាគមដ៏ធំមួយ ដែលបានបង្កើតឡើងរយៈពេលជិត៣ឆ្នាំមកហើយ។ សមាគមមួយនេះ មានថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល រួមទាំងអ្នកឧកញ៉ា និងឧកញ៉ា ជាអ្នកគ្រប់គ្រងដឹកនាំផ្ទាល់។ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវសមាសភាពដូចខាងក្រោម៖
១. សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
២. កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៌ ជាអនុប្រធានកិត្តយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
៣. អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ជាអនុប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
៤. ឧកញ៉ា តែ តាំងប៉ អគ្គនាយកក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ក្នុងពិធីពិសាអាហារសាមគ្គី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងថា សមាគមមូលនិធិសម្តេចតេជោ បានយល់ច្បាស់ពីភាពចាំបាច់ នៃការលើកកម្ពស់ ការជំរុញ និងការអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយសមាគមបានធ្វើសកម្មភាព និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពាណិជ្ជករ ឬសហគ្រិនជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដែលនឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា។ លើសពីនេះសមាគម គាំទ្រដល់សហគ្រាសធុនតូច ដើម្បីផ្ដល់ឱកាសឱ្យប្រជាជន ពិសេសយុវជន ដែលជាកម្លាំងពលកម្មមានលទ្ធភាព ផលិតកម្ម សេវាកម្ម និងទទួលបានផលប្រយោជន៍ពីសហគ្រាសធុនតូច ប្រកបដោយសមធម៌។
គួររំលឹកថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ តេ១៦៨ មហាវិថីព្រះនរោត្តម ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕