​ក្រុមហ៊ុនមានឥទ្ធិពលគ្រាក់ៗ ៤ កំពុងតែងតាំងកូនប្រុសស្រីដឹកនាំមុខជំនួញប្រាក់ពាន់លាន

ជុំវិញ​ឧកញ៉ា

បើនិយាយដល់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប, ក្រុមហ៊ុន ជីបម៉ុង គ្រុប, ក្រុមហ៊ុន វ៉ាយអិលភី គ្រុប, ក្រុមហ៊ុន ទ្រីភាព គ្រុប ជឿថាប្រិយមិត្តជាច្រើនបានស្គាល់ ព្រមទាំងដឹងពីមុខជំនួញរបស់ក្រុមហ៊ុនគ្រាក់ៗទាំងនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាចនិយាយបានថាដោយសារកត្តាវ័យ និងការពង្រីកមុខជំនួញផងនោះ អ្នកឧកញ៉ា ឧកញ៉ាម្ចាស់អាណាចក្រជំនួញប្រាក់ពាន់លានទាំងនោះបានបញ្ចេញអ្នកបន្តវេនមកជាបន្តបន្ទាប់ដើម្បីមកគ្រប់គ្រង និងសិក្សារៀនសុត្របន្ថែម មុនពេលចូលនិវត្តន៍ពីការរកស៊ីក្នុងពិភពជំនួញនៅប្រទេសកម្ពុជា។

សារព័ត៌មានឧកញ៉ាញូស៍នៅអត្ថបទនេះនឹងអធិប្បាយបង្ហាញពីអ្នកបន្តវេនរបស់ក្រុមហ៊ុនគ្រាក់ៗកំពុងក្តោបសេដ្ឋកិច្ចកម្ពុជាចំនួន ៤ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឧកញ៉ាជើងចាស់ចំនួន ៤រូប ដូចខាងក្រោម៖

១/ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប

អាណាចក្រជំនួញនេះបង្កើត និងដឹកនាំដោយអ្នកឧកញ៉ា សំ អាង ជាប្តី និងអ្នកឧកញ៉ា ឈុន លាង ជាភរិយា ដែលជាអ្នករកស៊ីដ៏មានឥទ្ធិពលមួយរូបក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ាទាំងពីរបានពង្រីកមុខជំនួញស្ទើគ្រប់វិស័យដូចជា អចលនទ្រព្យ ធនាគារ ឧស្សាហកម្ម និងការផលិតភេសជ្ជៈជាដើម។

បច្ចប្បន្នអ្នកឧកញ៉ា សំ អាង បានបញ្ចេញសមាសភាពអ្នកបន្តវេនជាកូនប្រុសស្រីបង្កើតមកដឹកនាំមុខជំនួញក្នុងតួនាទីសំខាន់ៗ រួមមាន៖ លោកស្រី សំអាង កាន្និកា ជាសហស្ថាបនិក និងជានាយកមិនប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាល​ធនាគារ​វឌ្ឍនៈ, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី និងលោកស្រី សំអាង លក្ខិណា នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន​ វឌ្ឍនៈ ប្របភើធី អិល​ធីឌី។

២/ ក្រុមហ៊ុន ជីបម៉ុង គ្រុប

សាជីវកម្ម ជីបម៉ុង កំពុងមានឥទ្ធិលពលដ៏ខ្លាំងខ្លាមួយនៅកម្ពុជា ខណៈក្រុមហ៊ុនមួយនេះស្ទើតែក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាទាំងមូលហើយ។ ថ្នាក់ដឹកនាំកំពូលៗក្រុមហ៊ុន ជីប ម៉ុង សុទ្ធតែកើតចេញមកពីចង្កោមគ្រួសារ អ្នកឧកញ៉ា ភាព ហៀក ជាម្តាយបង្កើត ជាបិតានៃក្រុមហ៊ុន ជីបម៉ុង គ្រុប។

ដោយសារកត្តាវ័យ គួបផ្សំការអប់រំខ្ពស់របស់កូនប្រុសស្រី អ្នកឧកញ៉ា ភាព ហៀក បានតែងតាំងកូនៗជាថ្នាក់ដឹកនាំដឹកនាំសម្ព័ន្ធជីបម៉ុង គ្រុប ដូចជា៖  អ្នកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ជីប ម៉ុង, លោកស្រី តែ សុវណ្ណី អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង, ឧកញ៉ា លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង លែន, ឧកញ៉ា លាង ពៅ (ភីធើ) អគ្គនាយក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស, លោកស្រី គីម ចាន់ណា អគ្គនាយិការងជាន់ខ្ពស់ ជីប ម៉ុង គ្រុប, និងលោកស្រី លី សុខឆេង អគ្គនាយិការផ្សារទំនើប ជីបម៉ុង។

៣/ ក្រុមហ៊ុន វ៉ាយអិលភី គ្រុប

អ្នកឧកញ៉ា លី យ៉ុងផាត់ ជាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា ដែលក្ដោប​​ក្ដាប់​អា​ណាចក្រជំនួញ​ធំៗ​ជាពហុវិស័យ ​នៅ​​ក្នុង​រាជធានីភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួនលើវិស័យ អចលនទ្រព្យ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ស្ថានីយទូរទស្សន៍ កាស៊ីណូ និងផ្សារបោះដុំជាដើម។ អ្នកឧកញ៉ា លី យ៉ុងផាត់​ បច្ចុប្បន្នបញ្ចេញកូនប្រុសបង្កើតមកដឹកនាំក្រុមហ៊ុន វ៉ាយអិលភី គ្រុប គឺឧកញ៉ា​ លី ឆូកឆៃ និងកូនប្រសារម្នាក់ ឧកញ៉ា សេង ញ៉ក់ កំពុងកាន់តួនាទីជានាយកប្រតិបត្តិ និងនាយកប្រតិបត្តិក្រុមហ៊ុនស្ករភ្នំពេញ​ ហើយក៏ជាអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក។

៤/ ក្រុមហ៊ុន ទ្រីភាព​ គ្រុប

ជាអ្នកជំនួញក្នុងប្រទេសកម្ពុជា ដែលបានក្តោបក្តាប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ព្រមទាំងមានភាពធន់រឹងមាំរាប់ទស្សវត្សរ៍មកហើយ អ្នកឧកញ៉ា ទ្រី ភាព ក៏ល្បីខ្ទរទ្ទាលើជំនួញដឹកឈើចេញទៅក្រៅប្រទេសទៀតផង។ ដើម្បីគ្រប់គ្រងអាណាចក្រជំនួញបន្តវេន លោកបានដាក់កូនប្រុសស្រីក្នុងតួនាទីគ្រាក់ៗកាន់ដំណែងដឹកនាំសាជីវកម្ម ទ្រីភាព គ្រុប គឺឧកញ៉ា ទ្រី ដាលុច និងអ្នកស្រីឧកញ៉ា ទ្រី ដាលីន ដូចជាគ្នានោះ លោកក៏បានតែងតាំងភរិយាជាថ្នាក់ដឹកនាំកំពូលផងដែរ​ គឺអ្នកឧកញ៉ា សុខ​ ស្រីនាង។

លោក ទ្រី​ ដាលុច គឺជាយុវវ័យកើតក្រោយសម័យប៉ុលពត ស្ថិតក្នុងត្រកូលគ្រួសារអភិជនមួយនៅកម្ពុជាដែល្បីល្បាញក្នុងពិភពជំនួញ។ ទ្រី ដាលុច ជាកូនប្រុសទី១ ស្ថិតក្នុងចំណោមបងប្អូន៥នាក់របស់អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប។

បច្ចុប្បន្នលោកឧកញ៉ា ជាខ្សែប្រយុទ្ធដ៏សំខាន់ក្នុងក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ខណៈលោកកាន់ដំណែងជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុប។ តាមប្រភពច្បាស់ការមួយបង្ហើបឲ្យដឹងថា ឧកញ៉ា ទ្រី ដាលុច គឺជាអ្នកស្នងដំណែងរបស់អ្នកឧកញ៉ា ទ្រី ភាព ក្នុងការដឹកនាំក្រុមហ៊ុន ស្របពេលលោកកំពុងដើរតាមដានជើងលោកឪពុកទាំងវិថីជំនួញ និងកិច្ចការងារសង្គម៕ សូមរង់ចាំតាមដានអត្ថបទអធិប្បាយភាគទី២