លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកើនឡើងចំនួនឧកញ៉ា និងអ្នកឧកញ៉ា ដល់ទៅប្រមាណជាង១ពាន់នាក់នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ អាចជារឿងល្អផង និងអាចមិនល្អផង។
បណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ចំណុចល្អ យើងដឹងហើយថា អ្នកឧកញ៉ា ឧកញ៉ា ដែលទទួលបានងារ គឺទី១ ពួកគាត់បានរួមចំណែកជួយស្ថាបនាជាតិតាមរយៈការបរិច្ចាគថវិកាផ្ទាល់ខ្លួន។ ទី២ បង្ហាញថាអ្នកមាននៅស្រុកខ្មែរយើង មានចំនួនច្រើន ព្រោះលុយដែលបានបរិច្ចាគសម្រាប់ងារជាឧកញ៉ា ឬអ្នកឧកញ៉ា មិនមែនតិចនោះទេ។ ចំណុចមួយទៀត អ្នកខ្លះមានដែរ ប៉ុន្តែពួកគេមិនយកងារនេះទេ ដែលនេះបង្ហាញថា អ្នកមានដែលព្រមបរិច្ចាគ មានន័យថា ពួកគាត់មានសទ្ធា ចង់រួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍជាតិ។ លោកបណ្ឌិត បានបន្តថា ដូច្នេះផ្នែកវិជ្ជមាន យើងអាចទាញបានច្រើន ព្រោះជាធម្មតា កាលណាបានងារជាឧកញ៉ាហើយ ក្រៅតែពីការបរិច្ចាគថវិកា ដើម្បីបានងារហើយ ក៏នៅមានការឧបត្ថម្ភជាបន្តបន្ទាប់ទៀត នៅពេលដែលមានការអំពាវនាវពីរាជរដ្ឋាភិបាល ដូចជាករណីកូវីដ-១៩ ឬមានករណីទឹកជំនន់ជាដើម។ នេះមានន័យថា អ្នកឧកញ៉ា ឧកញ៉ា សុទ្ធតែជាអ្នកព្រមបរិច្ចាគ ព្រមលះបង់នូវធនធាន និងប្រាក់ចំណេញផ្ទាល់ខ្លួន ជួយដល់សង្គមជាតិ។
ផ្ទុយទៅវិញ លោកបណ្ឌិតយល់ថា ចំណុចអាចជារឿងមិនល្អគឺ ធម្មតាកាលណាចំនួនកាន់តែច្រើន ទាមទារឱ្យមានការគ្រប់គ្រងមួយច្បាស់លាស់។ បើគ្រប់គ្រងមិនច្បាស់លាស់ទេ អាចមានបុគ្គលខ្លះយកងារឧកញ៉ាទៅប្រើប្រាស់ផ្តេសផ្តាស អាចខូចកេរ្តិ៍ឈ្មោះដល់ឧកញ៉ាដទៃទៀត ហើយវាជះឥទ្ធិពលទៀត កាលណាពួកគាត់យកងារឧកញ៉ាទៅប្រើនៅកន្លែងណា ដែលធ្វើអ្វីមួយមិនល្អ។ ឧទាហរណ៍ ទាក់ទងការរំលោភដីធ្លី ព្រៃឈើ ឬការប្រព្រឹត្តរឿងផ្ទាល់ខ្លួនដូចជា រឿងស្រី ឬរឿងហិង្សាក្នុងគ្រួសារ ក៏ជះឥទ្ធិពលមកដល់ក្រុមឧកញ៉ាទាំងអស់ដែរ។ បើគ្មានច្បាប់គ្រប់គ្រងឧកញ៉ាទេ ឧកញ៉ាមួយចំនួនតូច អាចនឹងនាំឱ្យខូចឈ្មោះដល់ឧកញ៉ាល្អៗជាច្រើនទៀត។ ឧកញ៉ានៅស្រុកខ្មែរបច្ចុប្បន្ន មានជាង១ពាន់នាក់ នេះជាចំនួនច្រើនណាស់ ប៉ុន្តែបើមានឧកញ៉ាពីរបីនាក់ធ្វើឱ្យខូចឈ្មោះឧកញ៉ាទាំងអស់ វាជារឿងដែលយើងមិនគួរឱ្យកើតមានទេ។
បើតាមបញ្ជីរាយនាមឧកញ៉ានៅកម្ពុជា គិតត្រឹមឆ្នាំ២០២០ មានបុគ្គលចំនួន ១០៧០នាក់ ដែលទទួលបានងារជា «ឧកញ៉ា» និង «អ្នកឧកញ៉ា»។ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ធ្វើការផ្លាស់ប្តូរ ឬតម្លើងថ្លៃចំពោះគោរមងារ «ឧកញ៉ា» ដល់សប្បុរស់ជនណាដែលមានបំណងចូលរួមកសាង និងអភិវឌ្ឍន៏ប្រទេសជាតិដោយមានតម្លៃចាប់ពី៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកឡើងទៅត្រូវបានទទួលគោរមងារជា «ឧកញ៉ា» ខណៈពីមុនគោរមងារ «ឧកញ៉ា» តម្រូវត្រឹមតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ។
សូមជម្រាបថា ដើម្បីឱ្យមានការគ្រប់គ្រងឧកញ៉ាច្បាស់លាស់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលក្នុងនោះមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងមានសមាជិក ១០រូបផ្សេងទៀតផងដែរ។
ទទឹមនឹងនេះ នៅចុងឆ្នាំ២០២២ សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់គុណតម្លៃនៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន៕