លោកជំទាវឧកញ៉ា ម៉ែន ចិន្តា អភិបាលក្រុមហ៊ុនជេខេប្រផឺធី (JK PROPERTY CO., LTD) ធ្លាប់មានប្រវត្តិកម្សត់កម្រជាច្រើន កាលនៅពីក្មេង ដោយលោកស្រីធ្លាប់ជាក្មេងស្រីដើរទូលនំលក់នៅតាមភូមិ និងធ្លាប់ជាពលករនៅប្រទេសកូរ៉េ មុននឹងមានជំនួញជាច្រើននៅក្នុងដៃ មកទល់បច្ចុប្បន្ននេះ។
ជំទាវឧកញ៉ា ម៉ែន ចិន្តា បានរៀបរាប់ពីប្រវត្តិរបស់លោកស្រីឱ្យដឹងថា លោកស្រីកើតនៅក្នុងគ្រួសារមួយក្រីក្រ មានស្រុកកំណើតនៅ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឪពុកជាប៉ូលិស ធ្វើការនៅស្នងការខេត្តព្រះសីហនុ ម្តាយជាមេផ្ទះ មានបងប្អូន ៣នាក់។ លោកស្រីជាកូនច្បង រីឯការសិក្សាពុំបានជ្រៅជ្រះនោះទេ ដំបូងរៀនចប់ត្រឹមថ្នាក់ទី៩ ហើយក៏ឈប់រៀន ទៅធ្វើការជាអ្នកបកប្រែនៅសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែង។
ដោយសារជីវភាពគ្រួសារក្រីក្រ លោកស្រីឆ្លៀតចិញ្ចឹមជ្រូកលក់ ធ្វើនំបញ្ចុកគីឡូលក់ និងជាក្មេងដើរទូលនំលក់ និងឆ្លៀតពេលខ្លះដើម្បីរៀនសុត្រ។ ពេលខ្លះ មិនមានពេលគ្រប់គ្រាន់សម្រាប់រៀនផង តែលោកស្រីតែងព្យាយាម និងឆ្លៀតពេលកន្លះម៉ោង សិក្សាភាសាអង់គ្លេសផងដែរ។ ការទៅរៀនភាសាអង់គ្លេស លោកស្រីគ្មានលុយរៀននោះទេ តែបានឈរនៅពីក្រោយគេ ដើម្បីបានរៀននឹងគេ ព្រោះចង់ចេះភាសាអង់គ្លេស។ ការចង់ចេះនេះ លោកស្រីយល់ថា មានតែចំណេះវិជ្ជាទេ ដែលអាចនាំឱ្យជីវិតអាចទៅមុខ និងអាចនាំឱ្យចាកចេញផុតពីជីវភាពក្រីក្របាន។
លោកស្រី ជាក្មេងស្រីដ៏តស៊ូមួយរូប ដែលតែងដើរទូលនំលក់នៅតាមផ្សារ និងតាមទីសាធារណៈជារៀងរាល់ថ្ងៃ មួយថ្ងៃមួយកញ្ច្រែង។ ដោយសារការខិតខំ តស៊ូ និងស្វះស្វែងសិក្សារៀនសូត្រ បានធ្វើឱ្យលោកស្រី បានក្លាយជាពលករទៅធ្វើការនៅកូរ៉េ។ នៅឆ្នាំ២០០៣ លោកស្រីបានរៀបការជាមួយស្វាមីឈ្មោះ ឈិត ឆៃយ៉ា និងទៅរស់នៅប្រទេសកូរ៉េ ដោយរស់នៅជាមួយម្តាយក្មេកជនជាតិកូរ៉េ ដែលពេលនោះលុយក៏មិនសូវមាន មានកូនតូចទៀត ពេលនោះមិនដឹងធ្វើបែបណា លោកស្រីមានតែធ្វើឱ្យខ្លួនឯងរវល់ តាមរយៈការខិតធ្វើការថែមម៉ោងពេលយប់ និងបានធានាម្តាយពីស្រុកខ្មែរឱ្យទៅប្រទេសកូរ៉េ ដើម្បីជួយមើលកូន។
បន្ទាប់មក លោកស្រីមានពេលសមល្មម ដើម្បីដើរជួយពលករ ពលការិនីខ្មែរ ដែលថៅកែធ្វើបាប ថៅកែមិនបើកប្រាក់ខែឱ្យ ថៅកែបោះបង់ចោល លោកស្រីតែងតែជួយដល់ពួកគាត់។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានជួយដល់ជនជាតិកូរ៉េ ដូចជាចាស់ជរា ក្មេងកំព្រា និងបានធ្វើការស្ម័គ្រចិត្តកាកបាទក្រហម នៅប្រទេសកូរ៉េ ធ្វើការបកប្រែនៅប៉ុស្តិ៍ប៉ូលិសកូរ៉េ ដោយការស្ម័គ្រចិត្ត ប៉ុន្តែបន្ទាប់មកខាងស្ថាប័នប៉ូលីសរបស់កូរ៉េបានឱ្យថ្លៃឈ្នួលដល់លោកស្រី។
ក្រោយធ្វើការងារស្ម័គ្រចិត្ត និងធ្វើការមួយចំនួននៅប្រទេសកូរ៉េមក លោកស្រីបានចាប់ផ្តើមចេះរកស៊ីចាប់ពីពេលនោះមក។ ពេលនោះ លោកស្រីបានបកប្រែឱ្យពលករខ្មែរជាច្រើន ហើយពួកគេឱ្យជួយរៀបចំប្រាក់បំណាច់ឆ្នាំ។ ប្រាក់បំណាច់ឆ្នាំ គឺត្រូវទិញសំបុត្រយន្តហោះ ដូច្នេះលោកស្រីគិតថា បើខ្លួនលក់សំបុត្រយន្តហោះ នោះនឹងអាចចំណេញលុយ។ ពេលនោះ លោកស្រីចាប់ផ្តើមលក់សំបុត្រយន្តហោះ តែលោកស្រីមិនយកចំណេញលើពលករខ្មែរនោះទេ តែបានប្រាក់ចំណេញពីក្រុមហ៊ុនអាកាសចរណ៍របស់គេ។ លោកស្រី ចាប់ផ្តើមមុខរបរនេះ តាំងពីតូចតាច រហូតអាចសន្សំបានលុយច្រើនគួរសម និងបានបើកហាងបាយនៅប្រទេសកូរ៉េថែមទៀត។ ហាងបាយនេះ ក៏មានទទួលធ្វើខួបអាពាហ៍ពិពាហ៍ ធ្វើខួបកំណើត និងមានកន្លែងកម្សាន្តផងដែរ។
មូលហេតុដែលលោកស្រី ជួយការងារសង្គមច្រើន ដោយសារតែ ពេលទៅរស់នៅប្រទេសគេខ្លួនមួយ ពិតជាលំបាកណាស់ ហើយពេលលំបាកម្តងៗគ្មានអ្នកជួយនោះទេ។ លោកស្រីគិតថា បើមានអ្នកមកជួយដល់ខ្លួនពេលនោះ មិនដឹងជារំភើបកម្រិតណានោះទេ ដូច្នេះហើយបានជាលោកស្រីបែកគំនិត ទៅជួយអ្នកដែលមានទុក្ខ ដោយឃើញថា ស្នាមញញឹមរបស់ពួកគេ ពេលយើងជួយពួកគាត់បាន និងការសំពះអរគុណដល់យើង អារម្មណ៍របស់លោកស្រី ពិតជារំភើបខ្លាំងណាស់។ ដូច្នេះហើយ ទើបជំរុញឱ្យលោកស្រី តែងតែជួយពលករម្នាក់ហើយ ម្នាក់ទៀត ជាបន្តបន្ទាប់ទៅ។
ក្រោយធ្វើការជាពលករ និងប្រកបរបររកស៊ីមួយចំនួននៅប្រទេសកូរ៉េ លោកស្រីក៏បានត្រឡប់មកកម្ពុជាវិញ ដោយរកស៊ីផ្នែកអចលនទ្រព្យ និងមុខជំនួញជាច្រើនផ្សេងទៀតនៅក្នុងដៃ តែលោកស្រីមិនដែលចោលការងារមនុស្សធម៌ឡើយ។ លោកជំទាវ តែងចូលរួមបរិច្ចាគជួយសង្គមទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជាជួយកសាងវត្តអារ៉ាម ក្លោងទ្វារ កុដ ព្រះវិហារ ផ្លូវថ្នល់ បន្ទាយប៉ូលិស បន្ទាយកងរាជអាវុធហត្ថ ជាដើម។ ក្រៅពីនោះ លោកជំទាវ ក៏បានជួយដល់អង្គការកុមារកំព្រា អង្គការជនពិការ សិល្បៈករចាស់ជរា និងសិល្បៈករ សិល្បៈការិនី ដែលមានជីវភាពខ្វះខាតផងដែរ។
សូមជម្រាបជូនថា អ្នកស្រី ម៉ែន ចិន្តា បានទទួលងារ «ឧកញ៉ា» កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ទទួលបានមេដាយជាតូបកា និងទទួលបានការបំពាក់ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយកាលខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ លោកជំទាវឧកញ៉ា ក៏ទើបទទួលបានការតែងតាំងជាប្រតិភូសមាគមមិត្តយើងទទួលបន្ទុកសាធារណៈរដ្ឋកូរ៉េ ផងដែរ៕