សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជា អាចមានសមត្ថភាព ប្រជែងយកលេខ១លើពិភពលោក ក្នុងការនាំចេញស្វាយចន្ទី ទៅប្រទេសក្រៅ។ការលើកឡើងបែបនេះរបស់សម្តេច នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «កម្ពុជា មិនមែនចេះតែស្រមើស្រម៉ៃថាក្លាយជាប្រទេសអធិរាជស្វាយចន្ទីទេ ប៉ុន្តែជាក់ស្តែងកម្ពុជាមានសមត្ថភាពអាចប្រជែងយកលេខមួយលើពិភពលោក ក្នុងការនាំចេញស្វាយចន្ទីទៅកាន់ក្រៅប្រទេស»។
ពាក់ព័ន្ធទៅនឹងការប្រជែងយកលេខ១ ខាងលើនេះ សម្តេច បានគូសបញ្ជាក់ថា ជាក់ស្តែង បើពិនិត្យមើលតួលេខដែលតាំងពីពិព័ណ៌ខេត្តកំពង់ធំកាលពីពេលថ្មីៗនេះ ប្រទេសកូតឌីវ័រ មានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជាមានទៅដល់ ១លាន១សែន៨ម៉ឺនតោន។
ជាមួយគ្នានោះ សម្តេចតេជោ បានបន្តថា បើសិនជាទៅខាងមុខនេះ ផ្ទៃដីដាំដុះកំពុងតែកើតឡើង ហើយប្រសិនបើយើងមានការកែច្នៃល្អ និងការបង្វិលទុនបាន គឺផលិតផលរបស់យើងនឹងកើនឡើង ប៉ុន្តែត្រូវធ្វើការឱ្យច្រើន មិនមែនគ្រាន់តែដាំដុះហើយចប់រឿងនោះទេ។

គួរបញ្ជាក់ផងដែរថា ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេនៅលើពិភពលោក។ ឈរលើផែនការមេនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ នឹងជំរុញស្វាយចន្ទីឱ្យទៅជាដំណាំ «អធិរាជ» លើការនាំចេញគ្រប់ស្វាយចន្ទីនាពេលខាងមុខ និងស្របតាមគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដែលជាផែនទីចង្អុលផ្លូវ ផ្តោតទៅលើគោលដៅយុទ្ធសាស្ត្រធំៗ ដូចជា បង្កើនការដាំដុះ ផលិត កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី ទៅទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។
យោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញថា កម្ពុជាគឺជាប្រទេសដែលដាំដុះ និងផលិតស្វាយចន្ទីច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន។ ក្នុងមួយឆ្នាំៗ នាំចេញគ្រាប់ឆៅក្នុងរង្វង់ពី ៦០ម៉ឺន ទៅ១លានតោន៕