ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវនុវត្តន៍ ផ្តួចផ្តើមរៀបចំវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍» ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ថ្លែងក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍» សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងបរិការណ៍នៃការរាតត្បាតជំងឺកូវីដ-១៩ ការកើនកម្ដៅ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ដោយសម្តេចសម្លឹងឃើញតួនាទីកាន់តែសំខាន់របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និងជំរុញផ្លែផ្កានៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
បើតាមសម្តេចតេជោ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ ក្នុងគោលបំណងកសាងនូវមូលដ្ឋានគ្រឹះ សម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើត បច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥» និងរបៀបវារៈស្រាវជ្រាវជាតិ ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យ សាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា»។
សូមជម្រាបជូនថា ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ជាការរួមចំណែកក្នុងការរួមគ្នាអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣។ ទិវានេះ នឹងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធសរុបជាង ២០០ស្ថាប័ន ក្នុងនោះរួមមានក្រសួងពាក់ព័ន្ធ គ្រឹះស្ថានឧត្តមសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ក្រុមហ៊ុនអាជីវកម្ម និងសមាគមពាណិជ្ជកម្មជាដើម៕