នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៉ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម បានមកដល់ប្រទេសកម្ពុជាហើយ កាលពីព្រឹកថ្ងៃទី២៧ ខែមីនានេះ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងក្នុងដំណែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម ជួបពិភាក្សាការងារដំបូងជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាអគារវិមានសន្តិភាព។

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ មានពិភាក្សាទ្វេភាគីដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ ដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌.។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។
ជាមួយគ្នានោះ នៅក្រោយជំនួបរវាងមេដឹកនាំនៃប្រទេសពីរ កម្ពុជា-ម៉ាឡេស៊ី ក៏បានចុះហត្ថលេខាលើឯកសារចំនួន ២ ទី១ អនុស្សារណយោគយល់គ្នារវាងរដ្ឋាភិបាលម៉ាឡេស៊ី និងរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករការងារផ្ទះ និងទី២ ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ។
សូមជម្រាបជូនថា អំឡុងបំពេញទស្សនកិច្ចនេះ ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំង ហើយនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផងដែរ៕