រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ ក្នុងមួយឆ្នាំ កម្ពុជាចំណាយជិត៤០០លានដុល្លារ សម្រាប់ធានាលំនឹងជីវភាពពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាប្រឈម កូវីដ១៩ ពិសេសបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន សម្ពាធអតិផរណានាប៉ុន្មានចុងក្រោយ បានធ្វើតម្រូវឱ្យកម្ពុជា ចំណាយជិត៤០០លានដុល្លារ គ្រាន់តែសម្រាប់ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋក្នុងមួយឆ្នាំៗ។  ការថ្លែងឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង នាចុងសប្តាហ៍កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការប្រមូលចំណូលរបស់គយ និងពន្ធដារបានល្អ ផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល ឆ្លើយតបបាននូវបញ្ហាប្រឈមមិនធ្លាប់មាន នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ឯកឧត្តមថា ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងអគ្គនាយកដ្ឋានពន្ធដារបានល្អ ផ្តល់លទ្ធភាពសម្រាប់រាជរដ្ឋាភិបាល ឆ្លើយតបបាននូវបញ្ហាប្រឈមមិនធ្លាប់មាន ដូចជាវិបត្តិជំងឺកូវីដ១៩ បញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បង្កើតឱ្យមានសម្ពាធអតិផរណាជាដើម។

ជាក់ស្តែង លោកបន្តថា៖ «ដោយសារតែយើងមានមរតកល្អប្រសើរ ពិសេសការងារប្រមូលចំណូលរបស់អង្គភាពធំៗពីរ [គយ និងពន្ធដារ] ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ក្នុងការកៀរគរចំណូលកន្លងមកអនុញ្ញាតឲ្យយើង ឆ្លើយតបទៅនឹងបញ្ហាប្រឈមបាន មិនត្រឹមតែកូវីដ១៩ទេ នៅក្រោយកូវីដ១៩មក យើងបន្តជួបការប្រឈមជាមួយបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន សម្ពាធអតិផរណា ដែលតម្រូវឱ្យយើងយកចិត្តទុកដាក់ដោះស្រាយ ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋយើងបាន ដោយមួយឆ្នាំយើងចំណាយជិត៤០០លានដុល្លារ គ្រាប់តែសម្រាប់ធានាលំនឹងជីវភាព របស់ប្រជាពលរដ្ឋ ដែលនេះជាសារសំខាន់នៃការគៀងគរចំណូល»

យ៉ាងណាមិញ នាឱកាសនោះ ឯកឧត្តម ក៏បានជំរុញឱ្យស្ថាប័នប្រមូលចំណូលជាតិ ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការទប់ស្កាត់ និងដោះស្រាយ ដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចកិច្ចសកល មានភាពមិនប្រាកដប្រជាច្រើន៕