នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី រៀបចំធ្វើសន្និសីទរួមគ្នា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៧ ខែមីនា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម សម្តែងការកោតសរសើរ កម្ពុជាដែលមានសមិទ្ធភាពផលិតអង្ករបានច្រើន ហើយក៏មានអង្ករសល់នៅក្នុងស្តុកច្រើនផងដែរ។
លោកបានអះអាងថា ការផលិតអង្ករនេះមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែកម្ពុជាអាចបង្កើននូវលទ្ធភាពផលិតអង្ករនេះបានច្រើនថែមទៀត។ ទន្ទឹមនឹងនោះ មេដឹកនាំម៉ាឡេស៊ី ក៏បានលើកទឹកចិត្តដល់អ្នកផលិតស្រូវ អង្ករ ម៉ាឡេស៊ី និងក្រុមហ៊ុនម៉ាឡេស៊ី នាំចូលស្រូវ អង្ករ ដើម្បីពិចារណាពីការនាំចូលអង្ករ និងស្វាយចន្ទីពីកម្ពុជាផងដែរ។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យម៉ាឡេស៊ីបង្កើនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃកសិផលនៅកម្ពុជាសម្រាប់លក់នៅលើទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសម៉ាឡេស៊ី និងទីផ្សារផ្សេងទៀត តាមរយះការដឹកជញ្ជូនផ្លូវសមុទ្រត្រង់ពីកំពង់ផែព្រះសីហនុទៅកាន់កំពង់ផែរដ្ឋប៉េណាំង និងរដ្ឋប៉េហាំងនៃប្រទេសម៉ាឡេស៊ី។
បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី មានតម្លៃសរុប ៦៣០,៣លានដុល្លារ កាលពីឆ្នាំ ២០២២ កន្លងទៅ ពោលគឺបានកើនឡើងប្រមាណ ២៣,៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០២២ មានចំនួនសរុប ១១១,៨លានដុល្លារ ពោលគឺបានកើនឡើង ១០,៤% ខណ:ការនាំចូលទំនិញពីម៉ាឡេស៊ីវិញ មានចំនួន ៥០៨,៥លានដុល្លារ កើនឡើង ២៦,៦% ។
សូមជម្រាបជូនថា ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១៦ របស់កម្ពុជា សម្រាប់រយ:ពេល ៣ ឆ្នាំជាប់ៗគ្នាមកហើយ គិតត្រឹមឆ្នាំ ២០២២ កន្លងទៅ ដែលស្មើនឹងប្រមាណ ១,១៨% នៃចំនួនពាណិជ្ជកម្មសរុបរបស់កម្ពុជា។ បើគិតនៅក្នុងខែមករាឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាឡេស៊ី បានឈានដល់ ៤១,៥លានដុល្លារ ពោលគឺបានធ្លាក់ចុះ ១៣,១% ពីចំនួន ៤៧,៨លានដុល្លារ គិតនៅក្នុងខែធ្នូ ឆ្នាំ ២០២១ និងធ្លាក់ចុះ ១៩,១% ពីចំនួន ៥១,៣លានដុល្លារ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ៕