ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី២៧ ខែមីនានេះ សម្រេចអនុញ្ញាតិឲ្យបង្កើតរោងចក្រមួយកន្លែងទៀត នៅខណ្ឌព្រែកព្នៅ។
បើតាម CDC គម្រោងវិនិយោគដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីនោះ ក្រោមទុនវិនិយោគប្រមាណជាង៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែងរបស់ក្រុមហ៊ុន JKD PACKAGING CO., LTD ដែលផលិតកេសការតុង និងសម្ភារៈវេចខ្ចប់ នៅភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កាលពីខែមករា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០គម្រោង ក្រោមទុនវិនិយោគជិត១០០លានដុល្លារ។
កាលឆ្នាំ២០២២កន្លងទៅ កម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគ សរុបចំនួន១៨៦គម្រោង ក្រោមទុនវិនិយោគ ៤,០៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១៤៤ពាន់កន្លែង៕