លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញនូវយុទ្ធនាការទ្រង់ទ្រាយធំមួយ ដោយបានបញ្ចេញកម្លាំងមន្ត្រីពីរាជធានីភ្នំពេញរាប់រយនាក់ រួមទាំងមន្ត្រីនៅមូលដ្ឋានជាច្រើនរយនាក់ទៀត ដើម្បីរួមសហការគ្នា ចុះបញ្ជីដីនៅខេត្តមណ្ឌលគិរី ឱ្យបានរួចរាល់ឆាប់បំផុត ទាំងដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច។

កាលរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារចុះអនុវត្តការងារវាស់វែងដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារ និងសហការី បានសហការជាមួយមន្រ្ដីនៃមន្ទីរសុរិយោដីរាជធានីភ្នំពេញ ចូលរួមប្រជុំពិភាក្សាអំពីកិច្ចសហការជំរុញការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណចំនួន ១៦៥ នាក់ ដើម្បីបែងចែកកម្លាំងជាក្រុមៗ ចាប់ផ្តើមអនុវត្តការងារ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ តទៅតែម្តង។

បើតាមមន្ទីរសុរិយោដីរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមមន្ត្រីជំនាញរបស់មន្ទីរសុរិយោដី រាជធានីភ្នំពេញ និងការិយាល័យភូមិបាលខណ្ឌ រួមទាំងមន្ត្រីកិច្ចសន្យា សរុបជាង២០០នាក់ ត្រូវបានរៀបចំជា១២ក្រុម បានកំពុងចុះជួយគាំទ្រការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ និងដីសហគមន៍ជនជាតិដើមភាគតិច ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី។ ដូច្នេះបើគិតទាំងចំនួនមន្ត្រីទាំងមកពីក្រសួង (ថ្នាក់ជាតិ) និងមន្ត្រីមកពីមន្ទីរពាក់ព័ន្ធ រួមទាំងអាជ្ញាធរនៅមូលដ្ឋានទៀត គឺមានចំនួនសរុបជិតខ្ទង់ពាន់នាក់ឯណោះ ដើម្បីអនុវត្តយុទ្ធនាការនេះ ឱ្យចប់បានលឿន។

គួររំឭកថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ដាក់ចេញនូវទិសដៅការងារមួយចំនួន សម្រាប់ក្រសួងរៀបចំដែនដី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តសម្រាប់ឆ្នាំ២០២៣ ក្នុងនោះរួមមានទាំង បន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដីរដ្ឋជុំវិញបឹងទន្លេសាប និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល។
ទទឹមនឹងនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា កម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្មជាស្នូល រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលជាខេត្តមានសក្ដានុពល ផងដែរ៕

