ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិន ចាប់ផ្តើមចុះសិក្សាផ្លូវការនូវគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នាពេលឆាប់ៗខាងមុខនេះ។ ដើម្បីពន្លឿនការសិក្សាគម្រោងផ្លូវហាវ៉េនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់លិខិតចំនួន១ទំព័រ កាលថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៣ ស្នើឲ្យអភិបាលរាជធានីខេត្តជួយសហការគាំទ្រដល់ដំណើរការសិក្សារបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) លើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។
បើតាមលិខិតចុះហត្ថលេខាដោយលោក ស៊ុន ចាន់ថុល គម្រោងផ្លូវហាវ៉េនេះ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នឹងត្រូវឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។
ជម្រាបជូនថា គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប រដ្ឋមន្រ្តីក្រសួងសាធារណការ ធ្លាប់បានលើកឡើងថា អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារ (Framework Agreement) នៅខែកញ្ញា ឆ្នាំ២០២៣ នេះ ខណៈក្រសួងជំរុញដល់ក្រុមហ៊ុនដែលកំពុងសិក្សាគម្រោងនេះ។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ កាលថ្ងៃទី១៥ កុម្ភៈ ២០២៣ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំពុងជំរុញឱ្យក្រុមហ៊ុនដែលកំពុងសិក្សាពីគម្រោងនេះ ឱ្យឆាប់ចប់សព្វគ្រប់ ដើម្បីអាចឈានទៅចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈណាមួយនៅឆ្នាំ២០២៣ នេះ។
លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៤ បាននិងកំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប។ ដោយឡែក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ នឹងបើកការដ្ឋានសាងសងនៅខែមិថុនា ឆ្នាំ២០២៣ នេះ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ ១.៦៣៨លានដុល្លារ ដែលគម្រោងផ្លូវហាវ៉េលើកទី២ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៕