សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឱ្យពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ដែលកំពុងនៅក្រៅប្រទេសហើយមានបំណងវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ-១៩ ទេ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ លើហ្វេសប៊ុកនាព្រឹកថ្ងៃទី២៧ ឧសភា។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា វិធានការនេះ គឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឱ្យឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ ទោះមិនកំណត់ឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពក្តី តែពលរដ្ឋក៏ត្រូវពិនិត្យសុខភាពពេលមកដល់កម្ពុជាដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ពេលវិលត្រឡប់មកដល់ប្រទេសវិញគឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់អោយស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថាតើ មានរោគឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាត្តិឱ្យទៅលំនៅដ្ឋានវិញ»។
កាលពីថ្ងៃទី២០ ឧសភា ក្រសួងសុខាភិបាល សម្រេចឱ្យជនបរទេសមកពីប្រទេសចំនួន៦ ចូលមកប្រទេសកម្ពុជាវិញ ប៉ុន្តែពួកគេត្រូវមានឯកសារ និងបណ្ណធានារ៉ាប់រងឱ្យបានត្រឹមត្រូវ។ ជនបរទេសដែលមកពីប្រទេសទាំង៦នោះ រួមមាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិក គឺអាច ចូលកម្ពុជាធម្មតា ដោយយោងតាមការកែសម្រួលវិធានការការពារ និងទប់ស្កាត់របស់ក្រសួងសុខាភិបាល ។
តែទោះយ៉ាងណា អ្នកដំណើរពីប្រទេសទាំង៦នេះ មិនថាជាជនជាតិខ្មែរនោះទេ គឺត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយប្រទេសសាម៉ី ក្នុងរយៈពេល៧២ម៉ោង។ បន្ថែមពីនេះជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពវិធានការផ្សេងទៀត ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា តែតម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស អង្គការអន្តរជាតិ ដែលកាន់ទិដ្ឋការការទូតប្រភេទA និងទិដ្ឋាការផ្លូវការប្រភេទBរបស់កម្ពុជាឡើយ។
គួររំលឹកថា កាលពីខែមីនាកន្លងមក ក្រសួងការបរទេស បានសម្រេចមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ខាងលើ ចូលមកប្រទេសកម្ពុជានោះទេ។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ១២៤នាក់ ក្នុងនោះ ១២២នាក់ បានជាសះស្បើយហើយ នៅសល់២នាក់ ដែលទើបឆ្លងថ្មី កំពុងសម្រាកព្យាបាល៕