ក្រុមហ៊ុន មីហ្ស៊ុដា ដែលជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការសេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុនកំពុងអនុវត្តន៍រាល់ថ្ងៃ។
ការបង្ហាញបំណងកែច្នៃសំរាមទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនដូចនេះ បានធ្វើឡើងក្នុងឱកាសដែលអគ្គនាយកក្រុមហ៊ុន មីហ្ស៊ុដា គឺលោក Shan Jian Ming បានចូលជួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
លោក Shan Jian Ming បានលើកឡើងថា ក្រុមហ៊ុនមានគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញឱ្យ កាន់តែស្រស់ស្អាត មានសោភណ្ឌភាព និងស័ក្ដិសមជាទីក្រុងទំនើប។ ក្នុងនោះទី១ ក្រុមហ៊ុនចង់ទទួលមតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ។ ទី២ ក្រុមហ៊ុន មានគម្រោងចង់កែច្នៃ ដុតសំរាមទៅជាអគ្គិសនី។
លោក បានបញ្ជាក់ថា ឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង ។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគលើគម្រោងដុតសំរាមទៅអគ្គិសនីនៅរាជធានីភ្នំពេញបន្ថែមទៀត ។ ដោយសារតែនៅប្រទេសចិន ក្រុមហ៊ុនមីហ្ស៊ុដា គ្រុប មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន៣៣រោងចក្រ។ លោកជឿជាក់ថា គម្រោងនេះនឹងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតបថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថា ក្រុមហ៊ុន ចង់វិនិយោគដុតសំរាមទៅជាអគ្គិសនីនោះ គឺការងារនេះ ជាការងារដែលសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា។ តែបើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពឲ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចាត់ចែង នោះរដ្ឋបាលរាជធានីភ្នំពេញនិងផ្តល់ជូន ក្រុមហ៊ុន មីហ្ស៊ុដា មុនគេ។
លោក ឃួង ស្រេង បានបន្តថា ទោះបីជាមិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ប៉ុន្តែក្រុមហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អប្រសើរជាងមុន ។
គួរបញ្ជាក់ថា ក្រុមហ៊ុន មីហ្ស៊ុដា ជាក្រុមហ៊ុនមួយស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការសេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ។ បច្ចុប្បន្ន ក្រុមហ៊ុន មីហ្ស៊ុដា កំពុងប្រតិបត្តិការប្រមូលសំរាមនៅខណ្ឌចំនួន៥ គឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ៕