ធនាគារ ប៊ីអាយស៊ី (ខេមបូឌា) ប៊ែង ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ បានប្រកាសតែងតាំង លោក ហុង សុខឡេង ជានាយកប្រតិបត្តិ។ ដោយផ្តោតលើអាទិភាពយុទ្ធសាស្ត្រស្នូលរបស់ធនាគារ សាជីវកម្មធនាគារ ភាពជាដៃគូអន្តរជាតិ និងការធ្វើអាជីវកម្មធនាគារតាមបែបឌីជីថល លោក សុខឡេង នាំយកបទពិសោធន៍ ជាង ១៥ ឆ្នាំនៃយុទ្ធសាស្រ្ត អភិវឌ្ឍន៍អាជីវកម្ម និងសេវាកម្មហិរញ្ញវត្ថុ និងភាពជាអ្នកដឹកនាំ មកកាន់តំណែង CEO ថ្មីនេះ។

លោកនឹងដឹកនាំធនាគារ ប៊ីអាយស៊ី ទៅកាន់ភាពរីកចម្រើន ប្រកបដោយយុទ្ធសាស្ត្រ ក៏ដូចជាផ្តល់សេវាកម្មអតិថិជនឈានមុនគេ និងជំរុញប្រតិបត្តិការហិរញ្ញវត្ថុដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការផ្តោតសំខាន់ទៅលើការកសាងទំនុកចិត្តពីអតិថិជន។
លោក ហុង សុខឡេង មានបទពិសោធន៍ដ៏ច្រើនក្នុងការដឹកនាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលលោកធ្លាប់មានតួនាទីនៅក្នុងមុខតំណែងជាន់ខ្ពស់ជាច្រើនបន្តបន្ទាប់ នៅធនាគារធំៗក្នុងស្រុក ព្រមទាំង ធនាគារបរទេសវិនិយោគក្នុងស្រុកមួយចំនួន លើសពីនេះផងដែរ លោក ហុង សុខឡេង ក៏មានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យ FMCG លោកបានបង្កើតទំនាក់ទំនងល្អៗជាមួយដៃគូសំខាន់ៗ ហើយដឹកនាំ និងគ្រប់គ្រងផ្នែកលក់ទូទាំងប្រទេស។
បទពិសោធន៍ទាំងនេះនឹងផ្តល់ឱ្យធនាគារប៊ីអាយស៊ី នូវមាគ៌ាដ៏ល្អដើម្បីសម្រេចបាននូវសមិទ្ធផល ដែលប្រសើរក្នុងនាមជាស្ថាប័ន និងជាធនាគារ។ ក្នុងទស្សនវិស័យនេះផងដែរ ការជ្រើសរើសតែងតាំងលោក សុខឡេង ស្របតាមអាទិភាពរបស់ធនាគារ ដើម្បីបម្រើអតិថិជនរបស់ខ្លួនប្រកបដោយស្តង់ដារខ្ពស់បំផុត និងផ្តល់ឱ្យម្ចាស់ភាគហ៊ុន អតិថិជន និងបុគ្គលិកធនាគារ និងដៃគូនានា នូវទំនុកចិត្តដ៏កក់ក្តៅ។
