បច្ចុប្បន្នគេសង្កេតឃើញយុវជនរបស់កម្ពុជាមានកាន់ច្រើនឡើង បានយល់ដឹងពីវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតាមរយៈការបង្កើតឡើងនៅឧបករណ៍បច្ចេកវិទ្យាថ្មីរបស់ខ្លួនយកមកដាក់តាំងបង្ហាញក្នុងពិធីកម្រិតថ្នាក់ជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជានៅពេលបន្ទាប់។
យុវជន ឈួន ឧត្តម ជានិស្សិតឆ្នាំទី៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងជាវិស្វករតំណាងឱ្យ AI Farm Robotic Factory បានឱ្យដឹងថា នៅក្នុងទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍លើកទី១ កាលថ្មីៗនេះថា ក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំយល់ឃើញថាយុវជន រួមទាំងសិស្សានុសិស្សរៀននៅតាមវិទ្យាល័យមួយចំនួន ពួកគាត់មានការយល់ដឹងពីវិស័យវិទ្យាសាស្ត្រខាងរ៉ូបូត បានច្រើនជាងមុន ហើយចំពោះខ្ញុំមានការសប្បាចិត្ត ដោយយល់ថា ពួកគាត់បានចូលរួមចំណែកធ្វើឱ្យវិស័យមួយនេះ មានការរីកចម្រើនកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីមានសមត្ថភាពអាចបង្កើតដ្រូនហោះបាន យុវជន ឧត្ដម បានផ្សារភ្ជាប់ក្តីស្រម៉ៃរបស់ខ្លួនថានៅថ្ងៃខាងមុខគឹចង់បង្កើតយានហោះហើរអ្វីមួយទៅលើអាកាសធ្វើជាផលិតផលមួយដែលកូនខ្មែរពិតជាអាចធ្វើបាន។
យុវជនច្នៃដ្រូនហោះលើអាកាសខាងលើ បន្តទៀតថា នៅពេលខាងមុខ កូនខ្មែរអាចចូលរួមអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ការបើប្រាស់នៅកម្ពុជាបាន តែអាស្រ័យលើការបណ្តុះបណ្តាលធនធានមនុស្សនិងថវិកាព្រោះនៅក្នុងវិស័យនេះវាទាមទារឱ្យមានការអត់ធ្មត់និងព្យាយាមខ្លំាងទើបទទួលបានជោគជ័យ។
ដោយឡែក យុវតី ឆាយ គឹមអេង ជាសិស្សរៀននៅថ្នាក់ទី១២សាលារៀនE-2 stem នៃវិទ្យាល័យព្រះយុគន្ធរបានឱ្យដឹងថា វិស័យបច្ចេកវិទ្យាមកដល់សព្វថ្ងៃនេះពិតជាមានសារសំខាន់មែនទែន ហើយខ្ញុំជឿថាអ្នកណាក៏អាចធ្វើបាន ពិសសសិស្សរៀននៅវិទ្យាល័យពួកគាត់មានតួនាទីសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យានេះ។ តែបើយើងអត់បានផ្តល់ឱកាសដល់ពួកគាត់សាកល្បងជាមួយបច្ចេកវិទ្យានេះទេ គាត់អត់មានគំនិតថាគាត់ចង់រៀនបច្ចេកវិទ្យានេះនៅពេលអនាគត ដោយនៅជុំវិញខ្លួនយើង សុទ្ធតែបច្ចេកវិទ្យាទាំងអស់ ហើយដើម្បីដើរទាន់បដិវត្តន៍ឧស្សាហកម្ម ៤.០នេះ យើងត្រូវការចាំបាច់នៅធនធានមនុស្សដែលយុវជនទាំងនេះ។
យុវតី ឆាយ គឹមអេង បន្តថា៖ «តាមការរំពឹងរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជា នឹងមានការរីកមច្រើនលើគ្រប់វិស័យទាំងអស់ ហើយត្រូវពឹងផ្អែកទៅលើវិស័យបច្ចេកវិទ្យា ដែលជាគោលដ៏រឹងមាំមួយ សម្រាប់ជួយឱ្យកម្ពុជា អាចដើរទាន់បណ្តាប្រទេសផ្សេងៗនៅលើពិភពលោក»។
លោកជំទាវ ជា រដ្ឋា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា កម្ពុជាសព្វថ្ងៃនារីចូលចិត្តបច្ចេកវិទ្យាច្រើនណាស់ ព្រោះសិស្សដែលជានារីពួកគាត់ពូកែខាងមុខវិជ្ជាគណិតវិទ្យាច្រើន ដែលកាលពីមុនមានប្រហែល១៦%ទេ ដែលរៀនខាងStem ហើយក្រសួង ក៏បានចាប់ផ្តើមជួយផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យពួកគាត់បានដឹងថារៀនផ្នែកបច្ចេកវិទ្យា វាមានសារសំខាន់យ៉ាងណាខ្លះ ដើម្បីផ្តល់អត្ថប្រយោជន៍នៅពេលអនាគត?
លោកជំទាវ បន្តថា៖ «យើងឃើញថាកូនសិស្សដែលបានរៀននៅក្នុងវិស័យបច្ចេកវិទ្យាបានកើនឡើងដល់៣០%។ ប៉ុន្តែនៅក្នុងផែនទីបង្ហាញផ្លូវរបស់យើងសម្រាប់ឆ្នាំ២០៣០ គឺយើងចង់បាននិស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យឱ្យបាន៤០% ដើម្បីឱ្យមានធាតុចូលជាច្រើនរវាង ស្ត្រី និងបុរស។ ពិសេសជាងនេះទៅទៀត យើងគោលនយោបាយឆ្នាំ២០៥០ នឹងមានការបណ្តុះបណ្តាលបច្ចេកវិទ្យាពីក្មេងឡើងទៅ ដើម្បីឱ្យកម្ពុជាសំបូរទៅដោយ ធនធានមនុស្សដែលមានការចេះដឹងនៅក្នុងវិស័យបច្ចេកវិទ្យាបានកាន់តែច្រើនថែមទៀតក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា»៕ អត្ថបទ៖ សារេត