ក្រោយពីអំបិលកំពត-កែបក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដូចទៅនិងផលិតផលសក្តានុពលផ្សេងទៀត នៅតាមតំបន់ប្រជាកសិករផលិតអំបិលរំពឹងថា នឹងទទួលបានប្រាក់ចំណូលកើនឡើងមួយកម្រិតទៀត តាមរយៈផលិតផលអំបិលនេះផងដែរ។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែបចាត់ទុកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែបថា វាជាមោទនភាពមួយរបស់ខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជា ព្រោះបណ្តាប្រទេសនៅលើសកលលោកនេះ គេដណ្តើមគ្នាយកផលិតផលរបស់ខ្លួនមកចុះក្នុងបញ្ជីទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ ព្រោះវាជាកេរ្តិ៍ដំណែលដ៏ល្បីល្បាញរបស់ខ្មែរ ដោយនៅកំពតមានម្រេច,នៅកំពង់ស្ពឺយើងមានស្ករត្នោត,នៅក្រចេះមានក្រូចថ្លុង,នៅមណ្ឌលគិរី មានទឹកឃ្មុំព្រៃ ហើយឥលូវនេះ យើងមានអំបិលកំពតមួយទៀត អុីចឹងបានន័យថា នៅពេលយើងក្លាយ ទៅជាទំនិញសម្គាល់ភូមិសាស្ត្រហើយនោះ ផលិតផលរបស់យើងមិនត្រឹមតែមានការទទួលស្គាល់នៅក្នុងស្រុកនោះទេ ភាគច្រើននៅបរទេសគេទទួលស្គាល់ផលិតផលរបស់យើងដែរ។
លោកប៊ុន ណារិន មានប្រសាសន៍ថា៖ «កាលណាអំបិលកំពត-កែប ក្លាយជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញត្រឹមត្រូវទៅតាមច្បាប់នោះតម្លៃរបស់វាខ្ពស់ជាងពេលមុនៗ តួយ៉ាងម្រេចកំពតកាលពីមុនមួយគីឡូក្រាមថ្លៃតែ ៤ដុល្លារអាមេរិក គ្មានអ្នកណាគេទិញផង តែដល់ពេលយើងបានចុះម៉ាកសម្គាល់ភូមិសាស្ត្រ គិតមកដល់ម៉ោងនេះម្រេចខ្មៅថ្លៃ២៥ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ដូចនេះខ្ញុំគិតថាប្រជាកសិករផលិតអំបិលនៅពេលខាងមុខនេះ អាចទទួលបានប្រាក់ចំណូលកើនឡើងជាងពេលមុនៗ តាមរយៈគុណប្រយោជន៍នៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ»។
លោកលើកឡើងថា កាលពីចុងឆ្នាំ២០២២ អំបិលធម្មតាមួយបាវទម្ងន់៥០គីឡូក្រាម ថ្លៃពី២៨.០០០ ទៅ៣០.០០០រៀល។ តែមកដល់សព្វថ្ងៃនេះ មានតម្លៃជាង ១៧.០០០រៀល ដោយសាររដូវកាលផលិតចូលមកដល់ធ្វើឱ្យឈ្មួញដើរទិញឱ្យតម្លៃទាប ហើយប្រជាកសិករដែលមិនមានដើមទុន ពួកគាត់លក់ដើម្បីយកលុយមកបន្តដំណើរការរបស់ខ្លួន។តែសម្រាប់យើង គឺចង់ពង្រឹងតម្លៃដោយសារអំបិលរបស់យើងផលិតបែបធម្មជាតិ ហើយនៅលើពិភពលោកនៅមានតិចកន្លែងណាស់ដែលផលិតបែបនេះ អុីចឹង គឺយើងចង់បានតម្លៃមួយខ្ពស់។
នៅឆ្នាំ ២០២៣នេះ បើយោងតាមប្រធានសមាគមខាងលើ ជាទូទៅការចាប់ផ្តើមរៀបចំស្រែអំបិលធ្វើនៅខែ១១ឆ្នាំមុន ប៉ុន្តែដោយសារមានភ្លៀងធ្លាក់ធ្វើឱ្យមានការពន្យាពេលដល់ចុង ខែ១២ ឬដើមខែ០១ ឆ្នាំ២០២៣ ទើបចាប់ផ្តើមរៀបចំ បានស្រួលបួល ហើយការប្រមូលផលត្រូវធ្វើនៅ ខែមករា ឆ្នាំ២០២៣នេះ តែដោយសារភ្លៀងពេក ធ្វើឱ្យការប្រមូលផលអូសបន្លាយចូលមកដល់ខែកុម្ភៈ។
លោក បញ្ជាក់ថា៖«ចូលមកដល់ខែមីនានេះ យើងបានរៀបចំស្រែអំបិល បានប្រហែល៧០%ហើយ បើគិតពីការប្រមូលផលអំបិលរបស់ប្រជាកសិករនៅក្នុងខេត្តកំពត បានជាង ១ម៉ឺនតោន គិតមកដល់ថ្ងៃនេះ។ កាលពីឆ្នាំមុន យើងផលិតអំបិលប្រហែល ៣ម៉ឺនតោនដោយសារមានភ្លៀង។ ប៉ុន្តែនៅឆ្នាំនេះ ប្រសិនជាមេឃ(អាកាសធាតុ) អំណោយផល រហូតដល់ផុត ខែមេសា យើងអាចផលិតអំបិលកើនឡើងលើសទ្វេដង»។
លោកបន្តថា ជាទូទៅតម្រូវការអំបិលនៅក្នុងស្រុកក្នុងមួយឆ្នាំៗ មានប្រមាណ ៧ម៉ឺនតោន ប៉ុន្តែបើកម្ពុជាអាចផលិតអំបិលបានដល់ ៦ម៉ឺនតោនក្នុងមួយឆ្នាំ ឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកបានច្រើន បើត្រូវការនាំចូលបន្ថែមអាចមានបរិមាណតិចតួច។
លោក ប៊ុន ណារិន សង្កត់ធ្ងន់ថា៖ «មកដល់ឆ្នាំ២០២២ និង២០២៣នេះ ផ្ទៃដីផលិតអំបិលមានជាង ២ពាន់ហិកតា ហើយនៅពេលដែលផលិតផលសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែបអាចលក់បានថ្លៃ វានឹងធ្វើឱ្យប្រជាកសិករដែលបានបោះបង់ឬទុកស្រែអំបិលចោលកាលពីមុនៗពួកគាត់វិលមកផលិតអំបិលឡើងវិញ។ តែទន្ទឹមនឹងនេះ សមាគម ត្រូវពេលវេលាសម្រាប់ធ្វើការបណ្តុះបណ្តាលណែនាំទៅដល់សមាជិកទាំងអស់ ឱ្យបានយល់អំពីការផលិតអំបិលឱ្យមានគុណភាព និងមានអនាម័យខ្ពស់ស្របទៅតាមសៀវភៅបន្ទុកដែលបានកំណត់»៕ អត្ថបទ៖ សារេត