គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៩០%ហើយ ពោលដំណើរការសាងសង់នេះ ភាគីពាក់ព័ន្ធអះអាងថា នឹងឈានទៅដាក់ដំណើរការតាមផែនការកំណត់ទុក។ នេះបើតាមការឱ្យដឹងពីគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។
លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានិងជាប្រធានគណៈកម្មការ បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមីនាគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យការដ្ឋានសាងសង់នៅទីតាំងគម្រោងផ្ទាល់។
គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានបញ្ជាក់ទៀតថា៖ « តាមការពិនិត្យដំណើរការសាងសង់ជាក់ស្តែង ឃើញថា គិតត្រឹមដំណាច់ខែមីនានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សម្រេចបាន ៩០% តាមផែនការដែលបានគ្រោងទុក ហើយត្រៀមដាក់ឱ្យធ្វើតេស្តដំណើរការសាកល្បងនៅខែឧសភាខាងមុខ សំដៅសម្រេចឱ្យបានការដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ»។
គណៈកម្មាការនេះ បន្តទៀត តាមរយៈសមិទ្ធផលគម្រោងខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹងមានអគ្គិសនីប្រើប្រាស់ព្រោងព្រាតចាប់ពីថ្ងៃនេះទៅ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរផងដែរ។
សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ដាក់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ហិកតាដោយគ្រោងចំណាយទុនវិនិយោគប្រមាណ៨៨០លានដុល្លារ ជាមួយរយៈពេលសាងសង់៣ឆ្នាំក្រោមលក្ខខណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ គម្រោងព្រលានយន្តហោះនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅអំឡុងខែតុលា ឆ្នាំ២០២៣ បើពុំមានការប្រែប្រួល និងផលប៉ះពាល់អ្វីកើតឡើងជាយថាហេតុ៕ អត្ថបទ៖ ពិសី