ជើងហោះហើរមកកាន់ខេត្តសៀមរាបបច្ចុប្បន្ន មានចន្លោះពី១៥ ទៅ១៩ជើងនៅក្នុងមួយថ្ងៃ ដែលការហោះហើរទាំងនេះមកពីប្រទេសមួយចំនួនដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី សាំងហ្គាពួ ឡាវ កូឡាឡាំពួ និងប្រទេសផ្សេងៗទៀត។ នេះបើតាមការលើកឡើងរបស់ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីទេសចរណ៍ខេត្តសៀមរាប នៅក្នុងសន្និសីទ្ធសារព័ត៌មាន ស្តីពី«ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែមីនានេះ។

លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា មុនវិបត្តិកូវីដ១៩ ការហោះហើររបស់ភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប មានចន្លោះពី ៦០ ទៅ៧០ជើងក្នុងមួយ។
ពាក់ព័ន្ធនឹងការហោះហើររបស់ភ្ញៀវទេសចរនោះ លោក បានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនាអង្គរមានចន្លោះ ២ ៥០០នាក់ ទៅ ២ ៧០០នាក់ ក្នុងមួយថ្ងៃ។
ជាមួយគ្នានោះ លោក ង៉ូវ សេងកាក់ បានដាក់ការរំពឹងថា ចាប់ពីឆ្នាំ២០២៥ ទៅភ្ញៀវទេសចរ នឹងមាន ការកើនឡើងសម្រាប់ខេត្តសៀមរាប នៅពេលខេត្តមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសម្បទា គ្រប់គ្រាន់សម្រាប់ទទួលភ្ញៀវទេសចរឱ្យបានល្អប្រសើរ។ជាពិសេស បន្ទាប់ពីព្រលានយន្តហោះថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យដំណើរការនៅខែតុលា ខាងមុខ ចំនួនភ្ញៀវទេសចរនឹងមានការកើនឡើង ដូចផែនការដែលបានគ្រោងទុក។
គួរឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២២ ភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តសៀមរាប មានប្រមាណជាង ២លាននាក់ ក្នុងនោះភ្ញៀវ អន្តរជាតិ មានជាង២៨ម៉ឺននាក់៕