ឧកញ៉ា កែវ មុំ ស្នើរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ឱ្យជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ស្រ្តីកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន វិនិយោគិន និងផ្នែកពាក់ព័ន្ធនានា ដើម្បីជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ស្ត្រីកម្ពុជា។ការស្នើដូចនេះ របស់លោកជំទាវឧកញ៉ា នៅក្នុងពិធីតាំងផលិតផលសហគ្រិនកម្ពុជា លើកទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងជានាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី រូបនេះ បានឱ្យដឹងថា ក្នុងចំណោមសហគ្រាសខ្នាតមីក្រូ តូច និងធម្យមប្រមាណជាង ៦៥% គឺ មានម្ចាស់ជាស្ត្រី ដែលក្នុងនោះ ៩០% គឺត្រូវបានគ្រប់គ្រង និងដឹងនាំដោយស្ត្រី តែនៅតែមានបញ្ហាប្រឈមជាច្រើននៅឡើយ ពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម។

ជុំវិញរឿងរ៉ាវជាច្រើនដែលសហគ្រិនស្រ្តី បានកំពុងជួបប្រទះ ក្នុងនោះគឺការចូលទៅកាន់ទីផ្សារ ដែលជាកង្វល់ដ៏ធំបំផុតរបស់សហគ្រិនទូទៅ ដែលជាអ្នកផលិត ជាពិសេសសហគ្រិនស្ត្រី។

បើតាមលោកជំទាវឧកញ៉ា បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលបាននិងកំពុងកើតឡើង ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់សមាជិកា សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA )បាន និងកំពុងធ្វើកិច្ចការជាច្រើនតាមរយៈយន្តការថ្មីៗ ឬដែលរួមមាន ទី១.ការបណ្តុះបណ្តាលដោយផ្ដោតលើជំនាញឌីជីថល ជំនាញទីផ្សារ ជំនាញទំនាក់ទំនង ជំនាញសហគ្រិនភាព និងជំនាញរួមផ្សំជាច្រើនទៀត។ទី២.ការស្វែងការគាំទ្រមតិជាមួយនឹងក្រសួង ឬស្ថាប័នពាក់ព័ន្ធនានានៅក្នុងប្រទេស តំបន់ និងពិភពលោកផងដែរ តាមរយៈការបង្កើតជាសៀវភៅគោលនយោបាយ (សៀវភៅស) ដែលមកដល់ពេលនេះ មានចំនួន៣ ភាគ រួចមកហើយ ដែលក្នុងនោះក្បាលទី២គឺសង្កត់ធ្ងន់ទៅលើ “ការលើកកម្ពស់ការចូលទីផ្សារ ការអភិវឌ្ឍ ផលិតផល និងសេវាកម្មប្រកដោយគុណភាពសម្រាប់សហគ្រិនស្ត្រីវ័យក្មេងក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះបញ្ហាប្រឈម និងទុក្ខបង្វល់របស់សហគ្រិនស្ត្រីពាក់ព័ន្ធទៅនឹងអាជីវកម្ម និងពាណិជ្ជកម្ម ទោះអនឡាញ ឬអហ្វឡាញ។និងទី៣.ការចូលរួមផ្សព្វផ្សាយ និងការតាំងពិព័រណ៍ផលិតផលរបស់សហគ្រិនស្ត្រីកម្ពុជា ដើម្បីជួយជំរុញផលិតផលរបស់សហគ្រិនស្ត្រី ឲ្យបានដល់ដៃអ្នកប្រើប្រាស់ក្នុងស្រុង ឬអ្នកដែលកំពុងស្វែងរកផលិតផលដែលផលិតដោយសហគ្រិន ស្ត្រីជាដើម៕