ត្រឹមដើមឆ្នាំ២០២៣នេះ លោក ជា វ៉ាន់ដេត បានកាន់ដំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រយៈពេល ៣ឆ្នាំបន្ទាប់ពីលោក ត្រាំ អ៉ីវតឹក ដែលទទួលមរណភាព។ ក្នុងមុខដំណែងដឹកនាំក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានចូលរួមធ្វើការកែទម្រង់ជួយឲ្យក្រសួងប្រៃសណីយ៍រកចំណូលកើនឡើង៤ដង ធៀបនឹងមុនការចូលកាន់តំណែង។
ក្នុងពិធីបិទទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលថ្ងៃ២៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក ជា វ៉ាន់ដេត បានថ្លែងបញ្ជាក់ថា «ក្នុងរយៈពេល៣ឆ្នាំ ដែលខ្ញុំបានចូលមកកាន់តួនាទី ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យើងបានធ្វើការងារកែទម្រង់ច្រើន ហើយជាលទ្ធផល គឺចំណូលរបស់រដ្ឋ បានកើនឡើង៤ដង នៃរយៈពេល៣ឆ្នាំនេះធៀបនឹង៣ឆ្នាំមុន ដែលខ្ញុំបានចូលមកកាន់ក្រសួង»។
សមទ្ធិផលមួយដ៏ធំនេះ លោក ជា វ៉ាន់ដេត បានចាត់ទុកថា ការណ៍នេះបានធ្វើឲ្យមន្ត្រីរាជការក្នុងក្រសួងមានទឹកចិត្ត និងសប្បាយរីករាយ ហើយថ្មីៗនេះលោកបានធ្វើការស្ទង់មតិមន្ត្រី ដែលនៅក្នុងអគ្គនាយកដ្ឋានខ្លះ គឺមន្ដ្រីគាំទ្រ១០០ភាគរយ នៃការកែទម្រង់របស់ក្រសួង។
លោកបន្តថា នៅក្នុងការកំណែទម្រង់នេះ គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានយកចិត្តទុកដាក់ទៅលើវិស័យ៣ គឺ៖ វិស័យប្រៃសណីយ៍ វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ព័ត៌មាន។
បើតាមលោក ជា វ៉ាន់ដេត ក្នុងពេលអនាគត ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខនេះ តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចមួយចំនួន វិស័យពាណិជ្ជកម្មអេឡិចត្រូនិក គឺជាវិស័យមួយដ៏ធំនៅក្នុងសេដ្ឋកិច្ចជាតិរបស់ប្រទេសនីមួយៗ ក៏ដូចជានៅក្នុងពិភពលោកផងដែរ៕