នៅកម្ពុជាសំរាមប្រមាណ៤លានតោន ត្រូវបានបង្កើតជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងចំណោមសំរាមទាំងនេះមានប្រមាណមានតែ៦៥ភាគរយប៉ុណ្ណោះ បានទៅដល់ទីចាក់សំរាមចំណែក ៣៥ភាគរយផ្សេងទៀត ត្រូវបានបោះចោលយ៉ាងអាណាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតជាដើម។ នេះបើតាមការឱ្យដឹងពីលោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រង់សំណល់រឹងនៃក្រសួងបរិស្ថាន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ពីក្នុងសិក្ខាសិលាស្ដីពី ការប្រើប្រាស់សម្ភារ ទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបថសង្គម ក្រោមប្រធានបទ បញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដែលបានធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ង៉ែត បុល បានបង្ហាញទិន្នន័យតួលេខនៃកំណើនសំរាមក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ជាមធ្យមកម្ពុជា បង្កើតសំរាមប្រមាណ ៤លានតោនក្នុងមួយឆ្នាំ។ បញ្ហាសំរាមនៅទូទាំងប្រទេសកម្ពុជា នៅតែជាបញ្ហាកង្វល់ និងជាបញ្ហាចោទ ដែលរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានាបានយកចិត្តដាក់យ៉ាងខ្លាំង។

លោក ង៉ែត បុល បន្តថា សំរាមប្រមាណ ៤លានតោនក្នុងមួយឆ្នាំៗ ឬប្រមាណ ១ម៉ឺនតោនក្នុងមួយថ្ងៃ ក្នុងនោះ ៦៥ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយ ជាសំណល់ប្លាស្ទិក និងនៅសេសសល់ជាសំណល់រឹងនិងសំណល់ផ្សេងៗទៀត ដែលត្រូវបានដាក់ច្របល់ចូលគ្នាដោយមិនមានការបែងចែក។
លោក បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំ បានបញ្ចេញលុយ ៥លានដុល្លារ ជំនួសប្រជាពលរដ្ឋលើថ្លៃប្រមូលសំរាម។
គួរជម្រាបថា កម្ពុជាបច្ចុប្បន្នមានទីលានចាក់សំរាមតែ ២១៣កន្លែង ប៉ុណ្ណោះ ខណៈស្រុកនិងក្រុងមួយចំនួនទៀត នៅពុំទាន់មានទីលានចាក់សំរាមនៅឡើយ ដែលធ្វើឱ្យស្ថានភាពគ្រប់គ្រងសំរាមនៅតាមទីក្រុង និងស្រុក នៅពុំទាន់មានភាពល្អប្រសើរ។
ចំពោះការកើនឡើងនៃសំរាម កើនឡើងដោយមូលហេតុបីយ៉ាងគឺ កំណើនប្រជាជន កំណើនសកម្មភាពសេដ្ឋកិច្ច និងការផ្លាស់ប្ដូរទម្លាប់នៃការរស់នៅ៕