ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមចំពោះពិភពលោក ថានឹងរកវិធីគ្រប់គ្រងសេដ្ឋកិច្ច កុំឲ្យមានធ្លាក់ចុះបន្ថែម។ ការថ្លែងដាក់ក្តីរំពឹងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នាព្រឹកថ្ងៃទី៣០ ខែមីនា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ «ធនាគារពិភពលោក បានចេញមុខព្រមានពីហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចសកលម្តងហើយម្តងទៀត ដែលខ្ញុំគិតថា ការព្រមានជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែការព្រមាននោះបានក្លាយទៅជាចិត្តសាស្ត្រមួយដែរសម្រាប់ប្រទេស ជាពិសេសប្រជាពលរដ្ឋដែលភ័យព្រួយនាំគ្នាទៅដកលុយពីធនាគារ»។
សម្តេចតេជោបានគូសបញ្ជាក់ថា «ធនាគារអាមេរិករលំក្ស័យធនមួយចំនួនរួចហើយ ដែលការទៅដកលុយចេញពីធនាគារ ទៅដកចេញច្រើនពេកធនាគារច្បាស់ជាដួល។ កម្ពុជាមិនទាន់ដល់កម្រិតប៉ុណ្ណឹងទេ បើទោះបីជាមានការព្រមានអំពីការធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល»។
បើតាមសម្តេចតេជោ ហ៊ុន សែន រឿងទាក់ទងទៅនឹងបញ្ហាទណ្ឌកម្មជាឯកតោភាគីបូកជាមួយនឹងបញ្ហាសង្គ្រាមដែលចាប់ផ្តើមពីរុស្ស៊ី និងអ៊ុយក្រែនបានបង្កើតទៅជាស្ថានភាពមិនល្អសម្រាប់សេដ្ឋកិច្ចសកល។
ធនាគារពិភពលោក ថ្មីៗនេះ បានបន្ថយអត្រានៃការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣របស់ខ្លួនទៅដល់កម្រិតកៀកនឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចសម្រាប់ប្រទេសជាច្រើន នៅពេលផលប៉ះពាល់នៃការបង្កើនអត្រាការប្រាក់របស់ធនាគារកណ្ដាល កើនតែឡើងខ្លាំង សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននៅបន្ត ហើយក្បាលម៉ាស៊ីនសេដ្ឋកិច្ចធំៗលើលោក នៅដង្ហក់នៅឡើយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារ Reuters។
ធនាគារពិភពលោក និយាយថា «ពេលនេះខ្លួនរំពឹងថាកំណើនផលទុនសរុបក្នុងស្រុកទូទាំងសកលលោកនៅត្រឹម១.៧%នៅឆ្នាំ២០២៣ ជាកំណើនយឺតបំផុត ក្រៅពីការធ្លាក់ចុះសេដ្ឋកិច្ចឆ្នាំ២០០៩និង២០២០ ក្នុងពេលជិត៣ទសវត្សរ៍កន្លងមកនេះ»។ ក្នុងរបាយការណ៍ស្តីពីសន្ទស្សន៍សេដ្ឋកិច្ចសកលលើកមុនរបស់ខ្លួនដែលបានចេញផ្សាយនៅខែមិថុនាឆ្នាំ២០២២ ធនាគារពិភពលោក បានព្យាករណ៍ថាសេដ្ឋកិច្ចពិភពលោកនឹងកើនក្នុងអត្រា៣%។
ស្ថាប័នផ្តល់កម្ចីសម្រាប់អភិវឌ្ឍន៍នេះ និយាយថា ការធ្លាក់ចុះក្នុងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ រួមទាំងការកាត់អត្រាព្យាករណ៍របស់ខ្លួនមកត្រឹម០,៥ % សម្រាប់ទាំងសហរដ្ឋអាមេរិក ទាំងតំបន់អឺរ៉ុប ជាប្រផ្នូលនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលថ្មីមួយក្នុងពេលមិនដល់៣ឆ្នាំផង ក្រោយពីការធ្លាក់ចុះលើកចុងក្រោយ។
ធនាគារពិភពលោក គូសបញ្ជាក់បន្ថែមថា ការប្រមើលមើលដ៏អាប់អួនេះ នឹងធ្លាក់ទៅលើជាពិសេសប្រទេសកំពុងអភិវឌ្ឍនិងប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនដែលប្រទេសទាំងនេះ កំពុងត្រដាបត្រដួស ដោយសារតែបន្ទុកបំណុលធ្ងន់ធ្ងរ កំណើនប្រាក់ចំណូលនិងរូបិយប័ណ្ណខ្សោយ និងការបណ្ដាក់ទុនវិនិយោគយឺត ដែលឥឡូវត្រូវបានព្យាករណ៍ក្នុងអត្រាកំណើនប្រចាំឆ្នាំ៣,៥% ក្នុងពេល២ឆ្នាំខាងមុខ គឺតិចជាងអត្រាកាលពី២ទសវត្សរ៍កន្លងទៅ៕